រុស្ស៊ី​ចាប់ខ្លួន​ជនសង្ស័យ​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ហាង​កាហ្វេ​សម្លាប់​​អ្នក​សរសេរ​ប្លក់​យោធា​ល្បី​ឈ្មោះ​

នារីជាប់សង្ស័យ ឈ្មោះ Daria Trepova ដែលត្រូវបានរុស្ស៊ីចាប់ខ្លួន

គណៈកម្មការ​ស៊ើបអង្កេត​រុស្ស៊ី​ប្រកាសថា បាន​ចាប់ខ្លួន Trepova ដែល​ជាប់​​សង្ស័យ​ក្នុង​ករណី​​បង្ក​ការផ្ទុះ​នៅ​ហាង​កាហ្វេ​ក្នុង​ក្រុង St. Petersburg បណ្ដាលឱ្យ blogger យោធា Tatarsky បាត់បង់​ជីវិត។

«បុគ្គលិក​របស់​គណៈកម្មការ​​ស៊ើបអង្កេត​រុស្ស៊ី រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការគ្នា​ចាប់ខ្លួន Daria Trepova ដោយ​សង្ស័យថា​នារី​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់បែក​ក្នុង​​ហាង​កាហ្វេ​នៅ​ទីក្រុង St. Petersburg» គណៈ​កម្មការ​​ស៊ើបអង្កេត​រុស្ស៊ី​បង្ហោះ​សារ​នៅលើ Telegram នា​ថ្ងៃនេះដូច្នេះ។

ប្រកាស​របស់​ស្ថាប័ន​​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​វីដេអូ​បង្ហាញថា Trepova អាយុ 26 ឆ្នាំ ជា​ពលរដ្ឋ​នៅ St. Petersburg ដើរចូល​ក្នុង​ហាង​កាហ្វេ នាំយក​ប្រអប់​តូច​មួយ​ដែល​ខាងក្នុង​អាចមាន​រូបសំណាក​​បង្កៃ​​គ្រាប់​ផ្ទុះ។

ក្រសួងមហាផ្ទៃ​រុស្ស៊ី​មុន​នោះ​បានដាក់ Trepova ទៅក្នុង​បញ្ជី​ឈ្មោះ​តាម​ចាប់ខ្លួន​ព្រោះ​ជាប់​សង្ស័យ​ក្នុងករណី​ផ្ទុះ​គ្រាប់បែក។ ប៉​ន្មា​ន​ម៉ោង​ក្រោយ​ហេតុការណ៍​ផ្ទុះ នារី​ជាប់​សង្ស័យ​នេះ​ក៏​ត្រូវបាន​ចាប់ខ្លួន។

ហេតុការណ៍​ផ្ទុះ​កាលពី​ថ្ងៃទី 02 មេសា នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី បានសម្លាប់​អ្នកសរសេរ​ប្លក់​ស្ដីពី​យោធា​ Vladlen Tatarsky និង​បណ្ដាលឱ្យ​មនុស្ស 32 នាក់​រងរបួស។

Tatarsky អាយុ 40 ឆ្នាំ មានឈ្មោះ​ពិត​ថា Maxim Fomin

TASS ដកស្រង់​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា គ្រឿងផ្ទុះ​នេះ​ត្រូវបាន​លាក់​ក្នុង​រូបសំណាក​មួយ​ដែល​ធ្វើឡើង​សម្រាប់​ជូន​ដល់​អ្នកសរសេរ​ប្លក់ Tatarsky។ ចំណែក Ria Novosti រាយការណ៍​ថា នារី​ម្នា​ក់បាន​ជូន Tatarsky កញ្ចប់​ទំនិញ​ដែលមាន​រូបសំណាក​នៅ​ខាងក្នុង។

Tatarsky អាយុ 40 ឆ្នាំ មានឈ្មោះ​ពិត​ថា Maxim Fomin មាន​អ្នកតាមដាន​ជាង 500,000 នាក់​នៅលើ​ទំព័រ Telegram និង​តែង​រាយការណ៍​ព័ត៌មាន​ស្ដីពី​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន។ Tatarsky តែង​បង្ហោះ​វីដេអូ​វិភាគ​ស្ថានការណ៍​នៅ​សមរភូមិ និង​ផ្ដល់យោបល់​ដល់​ទាហាន​រុស្ស៊ី៕

Advertisement