ផ្ទុះ​នៅ St Petersburg ធ្វើឱ្យ​អ្នកសរសេរ​ប្លក់​យោធា​រុស្ស៊ី បាត់បង់​ជីវិត

ករណី​ផ្ទុះ​កើតឡើង​នៅឯ​ហាង​កាហ្វេ​មួយ​ក្នុង​​ទីក្រុង St Petersburg របស់​ប្រទេស​រុស្ស៊ី បាន​បណ្ដ​ល​ឱ្យ blogger យោធា​ជនជាតិ​រុស្ស៊ី​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាត់បង់​ជីវិត និង 25 នាក់​ផ្សេងទៀត​រងរបួស។

«មនុស្សម្នា​ក់បាន​ស្លាប់។ គាត់​គឺជា​អ្នករាយការណ៍​ព័ត៌មាន​យោធា Vladlen Tatarsky» ក្រសួងមហាផ្ទៃ​រុស្ស៊ី​ប្រកាស​កាលពី​ថ្ងៃទី 02 មេសា ស្ដីពី​ហេតុការណ៍​ផ្ទុះ​នៅឯ​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង St Petersburg ប្រទេស​រុស្ស៊ី។

ប្រភពព័ត៌មាន​បាន​ឱ្យដឹងថា ករណី​ផ្ទុះ​នេះ​ក៏បាន​បង្ក​របួស​ដល់​ម​នុស្ស 25 នាក់ផ្សេង​ទៀត​ ក្នុងនោះ​មាន 6 នាក់​ស្ថិតក្នុង​សភាព​ធ្ងន់​ធ្ងរ។ យោងតាម​សមត្ថកិច្ចរុស្ស៊ី គ្រឿង​​ផ្ទុះ​ត្រូវបាន​លាក់​ក្នុង​ហាង​កាហ្វេ និង​ថា កំពុង​ស្រាវជ្រាវ​រក​ការពិត។

TASS ដកស្រង់​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា គ្រឿងផ្ទុះ​នេះ​ត្រូវបាន​លាក់​ក្នុង​រូបសំណាក​មួយ​ដែល​ធ្វើឡើង​សម្រាប់​ជូន​ដល់​អ្នកសរសេរ​ប្លក់ Tatarsky។ ចំណែក Ria Novosti រាយការណ៍​ថា នារី​ម្នា​ក់បាន​ជូន Tatarsky កញ្ចប់​ទំនិញ​ដែលមាន​រូបសំណាក​នៅ​ខាងក្នុង។

Alissa Smotrova ជា​ស្ត្រី​ម្នាក់​ដែលមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា បន្ទាប់ពី​នារី​នោះ​ប្រគល់​កញ្ចប់​ទំនិញ​ដល់ដៃ Tatarsky សំឡេង​​ផ្ទុះ​ក៏​លាន់​កក្រើក​ហាង និង​មាន​ឈាម និង​បំណែក​នានា​ខ្ទាត​ពាសពេញ​ដី។

Tatarsky អាយុ 40 ឆ្នាំ មានឈ្មោះ​ពិត​ថា Maxim Fomin មាន​អ្នកតាមដាន​ជាង 500,000 នាក់​នៅលើ​ទំព័រ Telegram និង​តែង​រាយការណ៍​ព័ត៌មាន​ស្ដីពី​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន។ Tatarsky តែង​បង្ហោះ​វីដេអូ​វិភាគ​ស្ថានការណ៍​នៅ​សមរភូមិ និង​ផ្ដល់យោបល់​ដល់​ទាហាន​រុស្ស៊ី។

ប្រតិកម្ម​ទៅនឹង​ករណី​ខាងលើ ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Mykhaylo Podolyak បាន​សរសេរ​លើ Twitter ថា «ការណ៍​ដែល​លទ្ធិ​ភេរវកម្ម​ក្នុងប្រទេស​រុស្ស៊ី​ដែល​​ក្លាយជា​ឧបករណ៍​តតាំង​ក្នុង​​រឿង​នយោបាយ​គឺ​គ្រាន់តែ​ជា​បញ្ហា​ពេលវេលា​ប៉ុណ្ណោះ»។

កាលពី​ខែសីហា 2022 អង្គភាព​សន្តិសុខ​សហព័ន្ធរុស្ស៊ី (FSB) បាន​ចោទថា អ៊ុយ​ក្រែ​ន​នៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​រប​ស់​អ្នកស្រាវជ្រាវរុស្ស៊ី Alexander Dugin នៅ​ជាយក្រុង​មូ​ស្គូ បណ្ដាលឱ្យ​កូនស្រី​របស់លោក​បាត់បង់​ជីវិត ប៉ុន្តែ​ទីក្រុង​កៀវ​បាន​បដិសេធ៕

Advertisement