អ្នកជំនាញ​ចិន ណែនាំ​ថា «ពុំគួរ​ទៅសួរសុខទុក្ខ​មនុស្ស​ចា​ស់​ក្នុង​រដូវចូលឆ្នាំ»

មនុស្សរាប់សិបលាននាក់នឹងធ្វើដំណើរពីបណ្ដាទីក្រុង ទៅកាន់ស្រុកកំណើតនៅជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​លំដាប់កំពូលៗនៅ​ប្រទេស​ចិន ណែនាំ​ដល់​មនុស្ស​គ្រប់គ្នា​ថា មិនគួរ​ទៅសួរសុខទុក្ខ​មនុស្ស​វ័យ​ចំណាស់​នៅក្នុង​រដូវចូលឆ្នាំ​ចិន នៅពេលដែល​កូ​វីដ-19 ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង។

ការណែនាំ​នេះ​បាន​ក្លាយជា​ប្រធានបទ​ដែល​ទទួលបាន​ការចូល​អាន​ច្រើនជាងគេ​បំផុត​នៅលើ​បណ្ដាញ​សង្គម Weibo ថ្ងៃនេះ។ តាម​ការរំពឹងទុក មនុស្ស​រាប់សិប​លាន​នាក់​នឹងធ្វើ​ដំណើរ​ពី​បណ្ដា​ទីក្រុង ទៅកាន់​ស្រុកកំណើត​នៅ​ជនបទ​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ នាពេលខាងមុខ។

«នេះ​គឺជា​ការណែនាំ​ដ៏​សមស្រប។ ទៅ​ស្រុក ឬ​ទុក​​សុខភាព​របស់​មនុ​ស្សចា​ស់​ជា​ធំ» អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​លើ Weibo ដូច្នេះ។ ចំណែក​ម្នាក់ទៀត​សរសេរថា មិន​ហ៊ាន​ទៅសួរសុខទុក្ខ​លោកយាយទេ តែ​នឹង​ទុក​ជំនូន​ជូន​គាត់​នៅខាងមុខ​ទ្វារ និង​បន្ថែមថា «ជិត​ដល់​ចូលឆ្នាំ​ហើយ ខ្ញុំ​ខ្លាច​ថា លោកយាយ​គាត់​ឯកា»។

ការ​ផ្លាស់ទី​របស់​ប្រជាជន​ចិន​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ អាច​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​វ័យ​ចំណាស់​ ពេល​ឆ្លង​ជំងឺ​កូវីដ-19

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី 11 មករា បានឱ្យដឹងថា នឹង​ពិបាក​ខ្លាំងណាស់​ក្នុងការ​គ្រប់​គ្រង​វីរុស​ក្នុង​រដូវ​បុណ្យទាន ពេលដែល​ប្រទេស​ចិន​មាន​មនុស្ស​យ៉ាងច្រើន​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត។

អាជ្ញាធរ​ចិន​បាន​ព្យាករ​ថា ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ នឹងមាន​មនុស្ស​ធ្វើដំណើរ​ប្រមាណ 2.1 ពាន់​លាន​ជើង​នៅ​ទូទាំងប្រទេស។ ក្រុម​អ្នកជំនាញ​បាន​សង្កត់ធ្ងន់ថា ការផ្លាស់​ទី​ដ៏​ធំ​នេះ​អាចធ្វើ​ឱ្យមាន​ការឆ្លង​រាលដាល​ជំងឺ​កាន់តែច្រើន និង​បង្ក​គ្រោះថ្នាក់​ដល់​មនុ​ស្សវ័យ​ចំណាស់ ក៏ដូចជា​ក្រុមមនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង៕

Advertisement