ថៃ​បានចាប់ផ្ដើម​ដាក់​បម្រាម​គោចរ បន្ទាប់ពី​រកឃើញ​ករ​ណី​វិជ្ជមាន​នឹង Covid-19 ក្នុង​សហគមន៍

សម្បុក​វីរុស​ក្នុង​ខេត្ត Samut Sakhon នៃ​ប្រទេស​ថៃ នៅតែ​បន្ត​វិវត្តន៍​ពិបាក​ស្មាន ដោយមាន​អ្នក​ឆ្លង​វីរុស Covid-19 រាប់សិប​នាក់​ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ចាប់ផ្ដើម​ដាក់​បម្រាម​គោចរ​ដោយ​កន្លែង​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល។

យោងតាម Bangkok Post ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 67 នាក់ នៅក្នុង​ថ្ងៃទី 24 ខែធ្នូ​ ក្នុងនោះ​មាន 58 នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

វេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បានឱ្យដឹងថា ក្នុងចំណោម​អ្នកជំងឺ 58 នាក់​ដែល​ឆ្លង​ក្នុង​សហគមន៍​គឺ មាន 55 នាក់​ជាប់ទាក់ទង​នឹង​សម្បុក​វីរុស​នៅក្នុង​ខេត្ត Samut Sakhon។

ភាគច្រើន​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍​នេះ​គឺជា​អ្នកលក់ដូរ និង​ពលករ​ថៃ ក្នុងនោះ​មាន 20 នាក់​គឺជា​បុគ្គលិក​ក្រុមហ៊ុន និង​មេ​ផ្ទះ។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 5,829 នាក់ ក្នុងនោះ​មាន 4,116 នាក់​បានជា​សះស្បើយ និង 1,653 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ នៅតែ 60 ដដែល។

ពលករ​បរទេស​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន 1,273 នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុក Covid-19 នេះ​បើតាម​បណ្ឌិត Taweesilp។ អាជ្ញាធរ​ថៃ​បានឱ្យដឹងថា នឹងមិន​មានការ​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​នោះទេ ប៉ុន្តែ ប្រទេស​នេះ​នឹងត្រូវ​បាន​បែង​ចែកជា​តំបន់​ទៅតាម​ពណ៌​ចំនួន 4 រួមមាន ពណ៌​ក្រហម ពណ៌​ទឹកក្រូច ពណ៌​លឿង និង​ពណ៌​បៃតង ដែល​ស្មើនឹង​កម្រិត​ទាំង 4 ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការដាក់​បម្រាម​គោចរ ឬ​កាត់បន្ថយ​ការធ្វើដំណើរ។

បច្ចុប្បន្ន តំបន់​ពណ៌​ក្រហម គឺមាន​នៅក្នុង​ខេត្ត Samut Sakhon ដែល​នឹងត្រូវ​គ្រប់គ្រង​យ៉ាងតឹង​រ៉ឹង ខណៈដែល​ក្រុម​បុគ្គលិក​សុខាភិបាល​នឹងធ្វើ​ការ​អស់ពី​សមត្ថភាព៕

ប្រភព៖ Bangkok Post

Advertisement