បាតុភូត​ភ្លៀង​ទឹកកក​ដ៏​កម្រ​នៅក្នុង​ប្រទេស​សមុទ្រ​ខ្សាច់ដ៏​សែន​ក្ដៅ

កូ​វ៉ែត ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្ដៅ​ជាងគេ​លើ​ពិភពលោក កាលពី​ថ្ងៃទី 28 ធ្នូ បានទទួល​ភ្លៀង​ទឹកកក​ដ៏​កម្រ នាំឱ្យ​ប្រជាជន​សប្បាយរីករាយ​ជាខ្លាំង។

រូបថត និង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា នៅ​ពាសពេញ​ដងផ្លូវ​នៅក្នុង​ខណ្ឌ Umm-al-Haiman ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កូ​វ៉ែត ប្រហែល 50 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង ត្រូវ​គ្រប​ដណ្ដប់​ដោយ​គ្រាប់​ភ្លៀង​ទឹកកក​សក្បុស នៅពេល​ព្យុះ​រដូវរងា​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​ថ្ងៃ​ពុធ។

ទិដ្ឋភាព​ដ៏​កម្រ​នេះ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់​សប្បាយរីករាយ​ជាខ្លាំង។ ទាំង​ក្មេង ទាំងចាស់ នាំគ្នា​ចេញទៅ​កាន់​ដងផ្លូវ​ដើម្បី​លេង និង​ថតរូប​ជាមួយនឹង​គ្រាប់​ទឹកកក បន្ទាប់ពី​ភ្លៀង​រាំង។

កូ​វ៉ែត គឺជា​ប្រទេស​ដែលមាន​សីតុណ្ហភាព​ខ្ពស់​ខ្លាំង ក្នុងនោះ រដូវក្ដៅ​ឡើង​ដល់ 55 អង្សា​សេ ប៉ុន្តែ ជូន​កាល​ធ្លាក់ចុះ​ដល់ 2 អង្សា​សេ​នៅក្នុង​រដូវរងា​ដ៏​ខ្លី។ អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា កូ​វ៉ែត អនាគត​នឹង​ក្លាយជា​ទីឋាន​ដែល «មិនអាច​រស់នៅ​បាន» ដោយសារ​បម្រែបម្រួល​អាកាសធាតុ។

ស្ថាប័ន​បរិស្ថាន​សាធារណៈ​របស់ កូ​វ៉ែត បាន​ព្រមាន​ថា តំបន់​ជាច្រើន​របស់​ប្រទេស​នេះ​អាច​ឡើង​កម្ដៅ​ជាង 4.5 អង្សា​សេ​បន្ថែម​ទៀត ចាប់ពី​ឆ្នាំ 2071 ដល់​ឆ្នាំ 2100 ធៀប​នឹង​សីតុណ្ហភាព​មធ្យម​ក្នុង​ប្រវត្តិសាស្ត្រ។

កូ​វ៉ែត កំពុង​ឆ្លងកាត់​រដូវ​ខ្យល់​ត្រជាក់​ដែលនាំឱ្យ​កើតមាន​បាតុភូត​ភ្លៀង​ទឹកកក។ បរិមាណ​ទឹកភ្លៀង​រាប់​ចាប់ពី​ថ្ងៃទី 27 ធ្នូ បាន​ឡើងដល់ 63 ម​ម នេះ​បើតាម ស្ថាប័ន​ឧតុនិយម​កូ​វ៉ែត៕

Advertisement