ក្រោយ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ ប្រធានាធិបតី​ប៉េ​រូ ក៏​ត្រូវបាន​ទម្លាក់​ពី​តំណែង

ប្រធានាធិបតី​រ​ប្រទេស​ប៉េ​រូ លោក Pedro Castillo ត្រូវបាន​សភា​ទម្លាក់​ពី​តំណែង ហើយ​ក្រោយមក​ប៉ូលិស​ក៏បាន​បង្ហោះ​រូបថត​លោក​អង្គុយ​នៅក្នុង​ប៉ុស្ដិ៍ ប៉ុន្តែ​មិន​ទាន់​ដឹងថា ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណា​នៅឡើយ។

សភា​ប៉េ​រូ បានអនុម័ត​លើ​ការសម្រេចចិត្ត​ទម្លាក់​ប្រធានាធិបតី Pedro Castillo កាលពី​ថ្ងៃទី 07 ធ្នូ ដោយមាន​សន្លឹកឆ្នោត​គាំទ្រ 101 សំឡេង, ប្រឆាំង 6 សំឡេង និង អនុបវាទ 10 សំឡេង។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក Castillo ចេញ​បញ្ជា​ឱ្យ​​រំសាយ​សភា នៅក្នុង​ការប៉ុនប៉ង​ក្ដោប​ក្ដាប់​អំ​ណាយ​មិនបាន​ជោគជ័យ។

សភា​ប៉េ​រូ បន្ទាប់មក​ក៏បាន​ស្នើឱ្យ​អនុ​ប្រធានាធិបតី Dina Boluarte ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី នាំឱ្យ ប៉េ​រូ មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​លើកដំបូង។ លោកស្រី​នឹង​កាន់តំណែង​នេះ​រហូតដល់​ឆ្នាំ 2026 និង​បាន​អំពាវនាវ​ឱ្យមាន​ការ​សាមគ្គី​គ្នា​ដើម្បី​ឆ្លង​ផុត​វិបត្តិ​បច្ចុប្បន្ន ព្រមទាំង​បាន​រិះគន់​ចំពោះ​បទបញ្ជា​របស់លោក Castillo ថា​ ជា «អំពើ​រដ្ឋប្រហារ» ផងដែរ។

ប៉ូលិស​ប៉េ​រូ បាន​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​បង្ហាញថា អតីត​ប្រធានាធិបតី Castillo អង្គុយ​អាន​កាសែត​នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស ក្រោយ​ការបោះឆ្នោត​របស់​សភា ហើយ​ថា ពួកគេ​បាន «ធ្វើ​អន្តរាគមន៍» ដើម្បី​សម្រេច​ភារកិច្ច ប៉ុន្តែ មិនបាន​ឱ្យដឹងថា លោក Castillo ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណាទេ។ រូបថត​នេះ ក្រោយមក​ក៏ត្រូវ​បាន​លុប​ចេញពី​គណនី Twitter របស់​ប៉ូលិស​ជាតិ។

អតីត​ប្រធានាធិបតី​ប៉េរូ លោក Pedro-Castillo (អាវខៀវ)

រដ្ឋមន្ត្រី​ជាច្រើនរូប​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​លោក Casitillo ចេញ​បញ្ជា​ឱ្យ​រំសាយ​សភាជាតិ ខណៈដែល​កងទ័ព និង​ប៉ូលិស​របស់ ប្រទេស​ប៉េ​រូ ព្រមាន​ថា ទង្វើ​របស់លោក Casitillo គឺជា​ការបំពាន​រដ្ឋធម្មនុញ្ញ។

បាតុកម្ម​មួយចំនួន​បានកើត​ឡើង​នៅ ប៉េ​រូ ក្រោយពី​ការបោះឆ្នោត​នៅ​សភា។ មនុស្ស​រាប់សិប​នាក់​គ្រវីទង់ជាតិ​នៅតាម​ដងផ្លូវ​ក្នុង រដ្ឋធានី​លី​ម៉ា ដើម្បី​អបអរ​ការចាកចេញរ​ប​ស់លោក Casitillo ក្នុង​គ្រា​ដែល​ក្រុមគាំទ្រ​អតីត​ប្រធានាធិបតី ក៏​ហែ​ក្បួន​ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​សភា។

របង​បន្លា​លួស និង​ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់សិប​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​តំបន់​អគារ​រដ្ឋាភិបាល និង​សភា​ប៉េ​រូ។

លោក Casitillo អតីត​គ្រូបង្រៀន​នៅ​ជនបទ បាន​រង​ការរិះគន់​មិន​ឈប់ឈរ ចាប់តាំងពី​បានក្លាយ​ជា​ប្រធានាធិបតី​របស់ ប៉េ​រូ ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ​កន្លង។ លោក​បាន​កាន់តំណែង​តាំងពី​ខែកក្កដា 2021 និង​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​ពីរលើក ហើយក៏​ជា​បុគ្គល​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ចំនួន 6 ករណី​ផងដែរ។

លោកស្រី Dina Boluarte

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប៉េ​រូ កាលពី​ខែ​កន្លង បានដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់ថា លោក Castillo គឺជា​មេដឹកនាំ​ក្រុម​ជនល្មើស​ទាក់ទង​នឹង​គ្រួសារ និង​សម្ព័ន្ធមិត្ត​របស់គាត់។ អតីត​ប្រធានាធិបតី Castillo បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​និយាយថា រូបគាត់​គឺជា​ជនរងគ្រោះ​នៅក្នុង​យុទ្ធនាការ​ទម្លាក់​តំណែង​របស់​សភា៕

Advertisement