អ៊ីតាលី ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ប្រើប្រាស់​ប្រចាំថ្ងៃ

វិធានការ​ថ្មី​នេះ កំណត់ថា កម្ដៅ​នៅក្នុង​អគារ​ឧស្សាហកម្ម​ត្រូវតែ​ស្ថិតនៅ​ត្រឹម ១៧ អង្សា​សេ និង​កន្លែង​ដទៃទៀត​គឺ ១៩ អង្សា​សេ ទាប​ជាង ១ អង្សា​សេ ធៀប​នឹង​ការណែនាំ​កន្លងមក។

កាលពី​ថ្ងៃទី ០៦ កញ្ញា ការិយាល័យ​បរិវត្ត​កម្ម​ប្រព័ន្ធ​អេកូ​របស់​អ៊ីតាលី បានប្រកាស​ដាក់ចេញ​នូវ​ការ​វិធានការ​ថ្មី​ដើម្បី​សន្សំសំច័យ​ថាមពល​នៅក្នុង​រដូវរងា ជា​ផ្នែក​មួយ​នៃ​ផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​នៅ​ទូទាំង​សហភាព​អឺរ៉ុប (EU) ក្នុង​គ្រា​ដែល​តម្លៃ​ឧស្ម័ន​បាន និង​កំពុង​កើនឡើង​ខ្ពស់​ខ្លាំង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

យោងតាម​ការកំណត់​ថ្មី កម្ដៅ​នៅក្នុង​អគារ​ឧស្សាហកម្ម​ត្រូវបាន​កំណត់ឱ្យ​នៅត្រឹម ១៧ អង្សា​សេ និង​កន្លែង​ដទៃទៀត​គឺ ១៩ អង្សា​សេ ទាប​ជាង ១ អង្សា​សេ ធៀប​នឹង​ការណែនាំ​កន្លងមក។

ក្រៅពីនេះ រយៈពេល​នៃ​ការបើក​ប្រព័ន្ធ​កម្ដៅ​ក៏​ត្រូវបាន​កាត់បន្ថយ ក្នុងនោះ ១ ថ្ងៃ​ត្រូវ​កាត់បន្ថយ ១ ម៉ោង និង ១ ឆ្នាំ ត្រូវ​កាត់បន្ថយ ១៥ ថ្ងៃ។ វិធានការ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​នៃ​ផែនការ​កាត់បន្ថយ​ថាមពល​ប្រើប្រាស់ ១៥% ចាប់ពី​ថ្ងៃទី ០១ សីហា ២០២២ ដល់ ៣១ មីនា ២០២៣។

ក៏ប៉ុន្តែ ស្ថាប័ន និង​ទីតាំង​មួយចំនួន​ត្រូវបាន​លើកលែង​ពី​វិធានការ​ថ្មី​នេះ ក្នុងនោះ​រួមមាន​ដូចជា មន្ទីរពេទ្យ មណ្ឌល​ចាស់ជរា សាលាបឋមសិក្សា និង​កុមារដ្ឋាន ក៏ដូចជា​តំបន់​ភាគ​ខាងជើង​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង៕

Advertisement