ប្រទេស​នៅ​បាល់​ទិច អំពាវនាវ​ដល់​សម្ព័ន្ធ​យោធា​ណា​តូ អនុញ្ញាតឱ្យ អ​នុយ​ក្រែ​ន វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសរបស់ ស៊ុយអែត, លីទុយអានី, អ៊ីស្លង់, អេស្តូនី, អ៊ុយក្រែន, ហ្វាំងឡង់, ឡេតូនី និង ន័រវែស នៅ ទីក្រុងកៀវ កាលពីថ្ងៃទី 28 វិច្ឆិកា 2022

ក្នុង​កិច្ច​សម្ភាស​នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​ណា​តូ នៅ Bucharest កាលពី​ថ្ងៃទី 29 វិច្ឆិកា រដ្ឋមន្ត្រី​ឡេ​តូ​នី Edgars Rinkevics បាន​អំពាវនាវ​ដល់ ណា​តូ «អនុញ្ញាត» ឱ្យ អ៊ុយ​ក្រែ​ន ប្រើប្រាស់​អាវុធ​ដែល​ផ្គត់ផ្គង់​ដោយ​លោកខាងលិច ដើម្បី​វាយប្រហារ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។

ឆ្លើយតប​នឹង​ទំព័រ Bloomberg រដ្ឋមន្ត្រីការបរទេស Rinkevics ស្នើថា អ៊ុយ​ក្រែ​ន គួរតែ​ប្រើប្រាស់​អាវុធ​ដើម្បី​វាយប្រហារ​ទៅលើ​គោលដៅ​ដែល មូ​ស្គូ ប្រើប្រាស់​ក្នុងការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​សំដៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់ អ៊ុយ​ក្រែ​ន។

«យើង​គួរតែ​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន ប្រើប្រាស់​អាវុធ​សំដៅលើ​គោលដៅ​ដាក់​មី​ស៊ី​ល ឬ​ព្រលាន​យន្ត (របស់ រុស្ស៊ី)» លោក Rinkevics ថ្លែង​ដូច្នេះ។

រដ្ឋមន្ត្រី​​ការ​បរទេស​របស់ ប្រទេស​ឡេ​តូ​នី លោក Edgars Rinkevics

រដ្ឋមន្ត្រី​ឡេ​តូ​នី បន្ថែមថា ណា​តូ «មិនគួរ​ខ្លាច» ភាព​តានតឹង​ដែល​នឹង​កើនឡើង​ឡើយ បើ​ទោះ ក្រុមមន្ត្រី​នៅ មូ​ស្គូ ធ្លាប់បាន​ព្រមាន​ច្រើនលើក​ថា ការផ្ដល់​អាវុធ​ទៅឱ្យ អ៊ុយ​ក្រែ​ន ពី​សំណាក់​បស្ចិម​លោក នឹង​កាន់តែ​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​ពេល​យូរ។

បច្ចុប្បន្ន ភាគី​ខាង​រុស្ស៊ី និង ណា​តូ មិនទាន់មាន​ប្រតិកម្ម ឬ​អធិប្បាយ​អ្វី​នៅឡើយ ទាក់ទង​នឹង​ការលើកឡើង​របស់ រដ្ឋមន្ត្រីការបរទេស​ឡេ​តូ​នី។

យោងតាម RT ឡេ​តូ​នី និង​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិច គឺជា​ភាគី​ដែល​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ ទីក្រុង​កៀវ នៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។ មន្ត្រីកំពូលៗរបស់​ប្រទេស​ទាំងនេះ បាន​ទៅកាន់ អ៊ុយ​ក្រែ​ន ច្រើនលើក​មកហើយ ដើម្បី​សំដែង​ការគាំទ្រ​របស់​ពួកគេ។

ប្រទេសទាំងឡាយនៅតំបន់បាល់ទិច រួមមាន អេស្តូនី, ឡេតូនី និង លីទុយអានី

ប្រទេស​ទាំងឡាយ​នៅ​តំបន់​បាល់​ទិច រួមមាន អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី គឺ​សុទ្ធតែជា​សមាជិក​របស់ ណា​តូ ហើយ​ប្រទេស​ទាំង 3 នេះ​ក៏មាន​ព្រំដែន​ជាប់​នឹង​ទឹកដី​របស់ រុស្ស៊ី ផងដែរ៕

Advertisement