G៧ ពិភាក្សា​អំពី​វិធានការ​ខ្លាំងក្លា​ថ្មី ដើម្បី​គាំទ្រ​ដល់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

G៧ និង​តំណាង​របស់​ EU រួម​នឹង​ អ៊ុយក្រែន ពិភាក្សា​អំពី​ទណ្ឌកម្ម​លើ​ រុស្ស៊ី កាល​ពី​ថ្ងៃទី ២៧ កុម្ភៈ

ថ្ងៃទី ២៧ កុម្ភៈ ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ ដែលជា​ប្រទេស​កំពុង​កាន់តំណែង​ជា​ប្រធាន​បន្តវេន​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​ក្នុង​ពិភពលោក (G៧) បានប្រកាស​ដូចខាងលើ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​របស់ G៧ ដែល​ពិភាក្សា​អំពី​ស្ថានការណ៍​តានតឹង​នៅ អ៊ុយ​ក្រែ​ន។

ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ រវាង​រដ្ឋមន្ត្រីការបទេស​អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង អាម៉េរិក រួមជាមួយ​នឹង​វត្តមាន​របស់​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​របស់ សហភាព​អឺរ៉ុប និង រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បណ្ដា​ភាគី​បាន​ពិភាក្សា​ស៊ីជម្រៅ​អំពី​វិធានការ​ខ្លាំងក្លា​ផ្សេងទៀត ដើម្បី​ជួយ​ដល់ អ៊ុយ​ក្រែ​ន និង​ប្រជាជន​ប្រទេស​នេះ ក្នុងនោះ​ក៏មាន​ជំនួយ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត ក៏ដូចជា​សង្គ្រាម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ G៧ ក៏​សន្យា​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ផងដែរ។

G៧ អំពាវនាវ​ឱ្យ រុស្ស៊ី បញ្ឈប់​ការឈ្លានពាន​របស់ខ្លួន និង​ដកទ័ព​ចេញពី អ៊ុយ​ក្រែ​ន ជាបន្ទាន់។ ក្រុម​ប្រទេស​នេះ​ក៏​លើកឡើង​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​មានការ​សហការ ក្នុងនោះ​មានការ​ដាក់ទណ្ឌកម្ម​លើ បេឡា​រូស ព្រោះតែ​ប្រទេស​នេះ​បាន​អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់​ទឹកដី​ក្នុង​ការចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ G៧ ក៏​នឹងមាន​ជំហាន​បន្ទាប់ បើសិន រុស្ស៊ី មិនបាន​ស្ដាប់​តាម​ការអំពាវនាវ។

មុន​នោះ EU ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង បេឡា​រូស ទន្ទឹមនឹង​ការផ្ដល់​ជំនួយ​ជា​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ផងដែរ។

Advertisement