ស្ថានីយ​អវកាស Tiangong របស់​ ចិន ចាប់​ផ្ដើម​ដំណើរ​ការ​ពេញលេញ ពេល​​យាន​ Shenzhou 15 បាន​​ហោះ​ទៅ​ដល់

រ៉ុក្កែត Long March 2F នាំ​យានអវកាស Shenzhou រួម​នឹង​អ្នក​អវកាស 3 រូប ពី​ម​ជ្ឈ​ណ្ឌ​លបាញ់​បង្ហោះ​ផ្កាយរណប Juiquan នៅ​តំបន់​សមុទ្រ​ខ្សាច់ Gobi នៅវេលា​ម៉ោង 22 និង 08 នាទី ថ្ងៃទី 29 វិច្ឆិកា (ម៉ោង​នៅ កម្ពុជា) ឡើងទៅ​កាន់​ស្ថានីយ​អវកាស​ចិន Tiangong។

នៅ​ម៉ោង​ប្រហែល 22 និង 18 នាទី យានអវកាស Shenzhou 15 ដែល​ដឹក​អវកាស​ចរ 3 រូប បាន​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត។ អ្នក​អវកាស Fei Junlong (ប្រធាន​ក្រុម), Deng Qingming និង Zhang Lu បានចាប់ផ្ដើម​ចូល​ចត​នៅឯ​ស្ថានីយ​អវកាស Tiangong នៅវេលា​ម៉ោង 4 និង 42 នាទី ព្រឹក​នេះ។ ម៉ោង 6 និង 33 នាទី ក្រុម​អវកាស​ចរ Shenzhou 14 បាន​បើកទ្វារ​ទទួល​ស្វាគមន៍​ដំណើរ​មកដល់​របស់​ក្រុម Shenzhou 15។ ដូច្នេះ បច្ចុប្បន្ន នៅក្នុង​ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន មាន​អ្នក​អវកាស​សរុប 6 នាក់។

បេសកកម្ម​របស់ Shenzhou 15 បង្ហាញថា ស្ថានីយ​អវកាស​ចិន ចាប់ផ្ដើម​ដំណើរការ​ពេញលេញ។ ក្រុម Shenzhou 15 នឹងធ្វើ​ការពិសោធ​ជាង 100 ដោយ​ប្រើប្រាស់​ទូ​វិទ្យាសាស្ត្រ​ចំនួន 24 ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​នៅក្នុង​បណ្ដា​ម៉ូឌុល Wentian និង Mengtian របស់​ស្ថានីយ​អវកាស Tiangong។

Shenzhou 15 គឺជា​បេសកកម្ម​ចុងក្រោយ​ក្នុងចំណោម​ការបាញ់​បង្ហោះ​ចំនួន 11 លើក​ដើម្បី​ស្ថាបនា​ស្ថានីយ​អវកាស Tiangong ហើយក៏​ជាការ​ហោះហើរ​ចុងក្រោយ​ដើម្បី​ដាក់ឱ្យ​ស្ថានីយ​នេះ​ដំណើរការ​ពេញលេញ៕

Advertisement