ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។

ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។

យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ ឬ​ការបុក​ពី​កប៉ាល់​ដែលមាន​ទម្ងន់ 300,000 តោន។

ស្ពាន កោះ និង​ផ្លូវ​ក្រោម​ដី ក៏មាន​នៅក្នុង​មហា​គម្រោង​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ

មហា​គម្រោង​សំណង់​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នេះ​រួមមាន ស្ពានដែក​មួយ​ខ្សែ​​ប្រវែង 22.9 គីឡូម៉ែត្រ កោះ​សិប្បនិម្មិត​ចំនួន​ពីរ​ដែលមាន​ទំហំ 200,000 ម៉ែត្រការ៉េ ផ្លូវ​ក្រោម​ដី​ដែល​ស្ថិតក្រោម​ទឹក​មួយ​ខ្សែ​ប្រវែង 6.7 គីឡូម៉ែត្រ និង​ជម្រៅ 40 ម៉ែត្រ រួម​នឹង​បណ្ដា​ស្ពាន​ដែល​ត​ភ្ជាប់​នឹង​ទីក្រុង​នានា។

ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​​ក្នុង​ស្រុក

យោងតាម​ទំព័រ CGTN ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ក្នុងស្រុក ព្រោះថា ពុំមាន​រូបមន្ត​ពី​បរទេស​ដែល​ពួកគេ​អាចយក​មក​​ពិនិត្យមើល ឬ​ធ្វើតាម​នោះទេ។

ស្ពាន​នេះ​ផ្ដល់​ផលប្រយោជន៍​ធំធេង​ដល់​វិស័យ​ដឹក​ជញ្ជូន​

ចំណែក​ទំព័រ CCTV វិញ និយាយថា ស្ពាន​ត​ភ្ជាប់​តំបន់​ចំនួន​បី​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​​មួយ​នេះ ជួយ​កែលំអ​ប្រសិទ្ធភាព​ចរាចរណ៍ កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពីជូ​ហៃ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ​ពី​ប្រហែល 4 ម៉ោង ចុះមក​នៅត្រឹម 45 នាទី។

ស្ពាន​នេះ​ក៏​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ក៏ដូច​ជា​ផល​ប្រយោជន៍​​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឈូង​សមុទ្រ​ធំ (Greater Bay Are) ផងដែរ៕

Advertisement