សហរដ្ឋ​អាម៉េរិក អនុម័ត​ការលក់​អាវុធ​តម្លៃ 1 ពាន់​លាន​ដុល្លារ​ដល់ កាតា

UAV ខ្នាត​តូច Coyote របស់ សហរដ្ឋ​អាម៉េរិក

មន្ទីរ​បញ្ច​កោណ អនុម័ត​ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ខ្នាតតូច និង​ប្រព័ន្ធ​ប្រឆាំង​អាវុធ​ប្រភេទ​នេះ​ក្នុងតម្លៃ 1 ពាន់​លាន​ដុល្លារ ទៅឱ្យ ប្រទេស​កាតា។

«ការជួញដូរ​ដែល​ត្រូវបាន​ស្នើឡើង​នេះ​នឹង​បង្កើន​កម្លាំង​របស់ កាតា នៅក្នុង​ការ​ទប់​ទល់នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត ដោយ​មានការ​ផ្ដល់នូវ​សមត្ថភាព​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ដោយ​ប្រើប្រាស់​ទាំង​កម្លាំង​នៃ​ចលនវត្ថុ ទាំង​អេ​ឡិច​ត្រូ​និ​ច» ការិយាល័យ​សហការ​ផ្នែក​សន្តិសុខ​ការពារជាតិ (DSCA) នៃ ក្រសួងការពារជាតិ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 29 វិច្ឆិកា​ដូច្នេះ។

ក្រសួងការបរទេស​អា​ម៉េ​រិ​ក មុន​នោះ បានអនុម័ត​ការលក់​អាវុធ​ខាងលើ​ទៅឱ្យ កាតា ហើយ DSCA បាន​បញ្ជូន​សំណើ​នេះ​ឡើងទៅ​កាន់ សភា​អាម៉េរិក ដើម្បី​អនុម័ត​បន្ត។

«ការចំណាយ​សរុប​នៃ​កម្មវិធី​នេះ​គឺ 1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ការជួញដូរ​ដែល​បានស្នើ​ឡើង​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​គោលដៅ​សន្តិសុខ​ជាតិ​របស់ សហរដ្ឋ​អាម៉េរិក តាមរយៈ​ការលើកកម្ពស់​សន្តិសុខ​របស់​ប្រទេស​ស្និទ្ធស្នាល​មួយ» DSCA អះអាង​បន្ថែម។

ការជួញដូរ​អាវុធ​ដែល សហរដ្ឋ​អាម៉េរិក កំពុង​អនុម័ត​សម្រាប់ កាតា មាន​យន្តហោះ UAV ខ្នាតតូច Coyote Block 2 ចំនួន 200 គ្រឿង រួម​នឹង​បណ្ដា​ទម្រ​របស់​ប្រព័ន្ធ Coyote, ប្រព័ន្ធ​ប្រយុទ្ធ​អេ​ឡិច​ត្រូ​និ​ច​ប្រឆាំង​អាវុធ​គ្មាន​មនុស្ស​បើកបរ (CUAEWS) និង​ឧបករណ៍​ពាក់ព័ន្ធ។

ក្រៅពីនេះ ការជួញដូរ​អាវុធ​ខាងលើ​ក៏មាន​ទាំង​ប្រព័ន្ធ​ប្រឆាំង UAV FS-LIDS ដែលមាន​សមត្ថភាព​ស្វែង​រកឃើញ UAV ខ្នាតតូច ហោះ​ទាប និង​យឺត រួម​នឹង​ការបែងចែក​ប្រភេទ និង​ចាប់​ទម្លាក់​ដោយ​ប្រើប្រាស់​អេ​ឡិច​ត្រូ​និ​ច​ផងដែរ។

ប្រកាស​របស់ DSCA ត្រូវបាន​ធ្វើឡើង​ក្រោយពី​ក្រុម Houthi នៅ Yemen ដែល​គាំទ្រ​ដោយ អ៊ីរ៉ង់ ត្រូវបាន​ចោទប្រកាន់​ជាច្រើនលើក​ថា បាន​ប្រើប្រាស់ UAV វាយប្រហារ​លើ​គោលដៅ​នានា​នៅ តំបន់​ឈូង​សមុទ្រ​ពែ​ក្ស៕

Advertisement