COVID-19! ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់ រត់គេច​ពី​កន្លែង​ធ្វើតេស្ត​នៅ​ឯ​​ចំណត​រថភ្លើង​ ខណៈ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 27លាន​នាក់

អ្នកដំណើរ​ប្រមាណ 400នាក់ បាននាំគ្នា​រត់​ចាកចេញ ពេល​រថភ្លើង​ឈប់​នៅ​ចំណត​មួយ​ក្នុង​រដ្ឋ Assam ដើម្បី​គេច​ពី​ការធ្វើ​តេស្ត Covid-19 ខណៈ​ប្រទេស​នេះ​មាន​អ្នកជំងឺ​ជាង 303,750នាក់​បាន​ស្លាប់​ដោយសារ Covid-19។

នៅក្នុង​វីដេអូ​មួយ បង្ហាញថា ក្រោយ​ចុះ​ពី​រថភ្លើង មនុស្ស​រាប់រយ​នាក់ បាន​ប្រញាប់​រត់ចេញ​ពី​ចំណត Jagi Road ក្នុង​រដ្ឋ Assam ភាគ​ឦសាន​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 ខែឧសភា ខណៈដែល​ក្រុមប៉ូលិស និង​បុគ្គលិក​ផ្លូវដែក ឃាត់ខ្លួន​អ្នកដំណើរ​បានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក ក្នុងនោះ​មាន​ស្ត្រី និង​កុមារ បានធ្វើ​ដំណើរ​ពី Tamil Nadu ឆ្លងកាត់​រដ្ឋ Kerala, Andhra Pradesh, Odisha និង Bengal ខាងលិច ក្នុង​រយៈពេល5ថ្ងៃ។ Assam គឺជា​រដ្ឋ​ដែល​តម្រូវឱ្យ​ធ្វើតេស្ត Covid-19 ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​រថភ្លើង។

ព្រឹត្តិការណ៍​ដូចគ្នានេះ ក៏​ធ្លាប់បាន​កើតឡើង​នៅក្នុង​រដ្ឋ Bihar ផងដែរ កាលពី​ប៉ុន្មាន​ខែ​មុន។ មនុស្ស​រាប់សិប​នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី បាននាំគ្នា​រត់ចេញ​ពី​ចំណត​រថភ្លើង​មួយ​នៅក្នុង​ទីក្រុង Buxar ព្រោះតែ​ខ្លាច​ត្រូវគេ​ចាប់ធ្វើ​តេស្ត​រក Covid-19។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប 26,752,447នាក់ ក្នុងនោះ​មាន 303,751នាក់​បាន​ស្លាប់, 23,728,011នាក់​បានជា​សះស្បើយ និង 2,720,685នាក់​កំពុង​ព្យាបាល។ រដ្ឋ Assam កាលពី​ថ្ងៃទី22 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​ជាង 6,000នាក់ នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ក្នុង​រដ្ឋ​នេះ កើន​ដល់​ជាង 365,000នាក់។ Assam ក៏មាន​អ្នកស្លាប់​ដោយសារ Covid-19 សរុប​ជាង 2,660នាក់​ផងដែរ៕

ប្រភព៖ NDTV
ប្រែ​សម្រួល៖ បុត្រា

Advertisement