តុលាការ​របស់​ប្រទេស​ហូ​ឡង់ ថា យន្តហោះ MH17 ធ្លាក់ គឺ​​ដោយ​សារ​​ត្រូវ​​គ្រាប់​​មី​ស៊ី​ល​​ផលិត​​នៅ​ រុស្ស៊ី

សាកសពយន្តហោះ MH17 របស់ Malaysia Airlines ដែលត្រូវបានបាញ់ទម្លាក់កាលពីឆ្នាំ 2014

តុលាការ​ហូ​ឡង់ ប្រកាសថា មី​ស៊ី​ល​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ MH17 គឺជា​ផលិតផល​របស់ រុស្ស៊ី ហើយ មូ​ស្គូ ជា​អ្នកគ្រប់គ្រង​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន នៅពេល​ករណី​ធ្លាក់​យន្តហោះ​កើតឡើង។

នៅក្នុង​ការវិនិច្ឆ័យ​ដែល​ត្រូវបាន​ប្រកាស​នៅឯ​តំបន់​យុត្តិធម៌​ក្នុង​ទីរួមស្រុក Badhoevedorp ខេត្ត Noord-Holland កាលពី​ម្សិលមិញ ប្រធាន​តុលាការ Hendrik Steenhuis ថ្លែងថា ជើងហោះហើរ MH17 របស់ Malaysia Airlines ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ 2014 ដោយ​មី​ស៊ី​ល​ដែល​ផលិត​នៅ ប្រទេស​រុស្ស៊ី។ មី​ស៊ី​ល​នេះ​បាន​ហោះ​ចេញពី​វាលស្រែ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ហើយ រុស្ស៊ី ជា​អ្នកគ្រប់គ្រង​ទាំងស្រុង​លើ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​តំបន់​នេះ​ក្នុង​គ្រា​ដែល​ហេតុការណ៍​បានកើត​ឡើង។

ប្រធាន​តុលាការ Steenhis បញ្ជាក់ថា «ចាប់ពី​ពាក់កណ្ដាល​ខែឧសភា 2014 រុស្ស៊ី គ្រប់គ្រង​ទាំងស្រុង​លើ ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​ប្រជាមានិត Donetsk»។

ការសម្រេច​របស់​តុលាការ​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​សវនាការ​កាត់ទោស​កំបាំង​មុខ​ចំពោះ​ជនសង្ស័យ 4 នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទាក់ទិន​នឹង​ករណី​យន្តហោះ​ត្រូវបាន​គេ​បាញ់​ទម្លាក់ បណ្ដាលឱ្យ​អ្នកដំណើរ និង​ក្រុម​ហោះហើរ​ទាំង 298 នាក់​បាត់​បង់ជីវិត។

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ក្រុមហ៊ុន Malaysia Airlines

ក្នុង​គ្រា​កើតហេតុ​កាលណោះ តំបន់​ដែល​យន្តហោះ​ជួប​គ្រោះថ្នាក់​គឺជា​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​ដែល​គាំទ្រ​ដោយ រុស្ស៊ី និង​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ដែលជា​ដើមហេតុ​នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នាបច្ចុប្បន្ន។

តំណាង​ជនរងគ្រោះ​បានឱ្យដឹងថា ការសម្រេច​របស់​តុលាការ​នឹង​ជា​ជំ​ហ៊ាន​ដ៏​សំខាន់ បើ​ទោះ​ជនសង្ស័យ​ដែល​សុទ្ធតែ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​មួយជីវិត កំពុង «លាក់ខ្លួន» ក៏ដោយ។ ជនសង្ស័យ​ទាំងអស់​ត្រូវបាន​គេ​ជឿថា កំពុងស្ថិត​នៅក្នុង ប្រទេស​រុស្ស៊ី។

រុស្ស៊ី បាន​ច្រានចោល​រាល់​ការចោទប្រកាន់ ឬ​ការទទួលខុសត្រូវ​ចំពោះ​ករណី​យន្តហោះ MH17 ត្រូវបាន​គេ​បាញ់​ទម្លាក់។ កាលពី​ឆ្នាំ 2014 រុស្ស៊ី បាន​បដិសេធថា កងទ័ព​រុស្ស៊ី មិនមាន​វត្ត​មាននៅ អ៊ុយ​ក្រែ​ន៕

Advertisement