វេជ្ជបណ្ឌិត​ថៃ ជាង ៨០០ នាក់ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ផ្អាក​ការធ្វើឱ្យ​កញ្ឆា​​ទៅ​ជា​ទំនិញ​ស្របច្បាប់

នាយករដ្ឋមន្ត្រី​ថៃ កំពុង​ស្ដាប់​ការ​ពន្យល់​អំពី​ការ​ប្រើប្រាស់​កញ្ឆា​ក្នុង​វិស័យ​សុខាភិបាល

វេជ្ជបណ្ឌិត​ថៃ​ជាង ៨០០ នាក់ បាន​អំពាវនាវ​ឱ្យ រាជរដ្ឋាភិបាល​ប្រទេស​នេះ ផ្អាក​ការ​កំណត់ឱ្យ​កញ្ឆា​ក្លាយជា​ទំនិញ​ស្របច្បាប់ ខណៈដែល​កំពុង​រង់ចាំ​វិធានការ​គ្រប់គ្រង​សមស្រប​ដើម្បី​ការពារ​ក្មេង​មិនទាន់​គ្រប់​អាយុ។

នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ២៥ កក្កដា វេជ្ជបណ្ឌិត Smith Srisont ប្រធាន​សមាគម​វេជ្ជបណ្ឌិត​កោ​ល​ស្យ​វិ​ច្ច័​យ​ថៃ បានឱ្យដឹងថា វេជ្ជបណ្ឌិត សាស្ត្រាចារ្យ និង​អតីត​និស្សិត​នៃ​ផ្នែក​វេជ្ជសាស្ត្រ​របស់​មន្ទីរ​ពេទ្យ Ramathibodi នៃ​សាកលវិទ្យាល័យ Mahidol ចំនួន ៨៥១ រូប បាន​ឯកភាពគ្នា​លើក​ញត្តិ​ស្នើ​សូមឱ្យ រាជរដ្ឋាភិបាល ផ្អាក​ជាបន្ទាន់​នូវ​ការធ្វើឱ្យ​កញ្ឆា​ទៅជា​ទំនិញ​ស្របច្បាប់។

យោងតាម​ក្រុម​វេជ្ជបណ្ឌិត ការធ្វើឱ្យ​កញ្ឆា​ស្របច្បាប់​នៅក្នុង​គ្រា​ដែល​មិនទាន់មាន​វិធានការ និង​គោលនយោបាយ​គ្រប់គ្រង​សមស្រប បាន​នាំឱ្យ​យុវវ័យ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ខណៈដែល​ភស្ដុតាង​ផ្នែក​វិទ្យាសាស្ត្រ​បានបញ្ជាក់​ច្បាស់​ថា កញ្ឆា​បង្ក​ផលប៉ះពាល់​អាក្រក់​ដល់​រាងកាយ និង​ប្រព័ន្ធ​ខួរក្បាល​របស់​យុវវ័យ​មិនទាន់​គ្រប់​អាយុ។

ក្រុម​វេជ្ជបណ្ឌិត ជំរុញ​ឱ្យ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការកំណត់​ដែល រដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​នាពេល​កន្លង រហូតដល់​មានច្បាប់​ការពារ​ក្មេង​ជំទង់​ពី​កញ្ឆា ការកំណត់​ស្ដីពី​ការប្រើប្រាស់​កញ្ឆា​ឱ្យ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់​ដល់​សុខភាព៕

Advertisement