មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្កោលទោស​ចំពោះ​ទណ្ឌកម្ម​របស់ អាម៉េរិក លើ គុយបា

រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ 2019 រដ្ឋាភិបាល​អាម៉េរិក បាន​បង្កើន​ការហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម​លើ គុយបា ក្នុង​បំណង​ធ្វើឱ្យ ប្រជាជន​គុយបា រស់នៅក្នុង​ស្ថានភាព​កាន់តែ​លំបាក។

កាលពី​ថ្ងៃទី 03 វិច្ឆិកា មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី 77 បានអនុម័ត​សេចក្ដីសម្រេច​លើក​ទី 30 ដែល​ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ គុយបា។ សេចក្ដីសម្រេច​នេះ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ 185/193 សំឡេង។

ថ្លែង​នៅមុន​ការបោះឆ្នោត រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ 2019 រដ្ឋាភិបាល​អាម៉េរិក បាន​បង្កើន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់ គុយបា ក្នុង​បំណង​ធ្វើឱ្យ ប្រជាជន​គុយបា រស់នៅក្នុង​ស្ថានភាព​កាន់តែ​លំបាក។

ក្នុង​រយៈពេល 14 ខែ​ដំបូង​របស់ រដ្ឋាភិបាល​លោក ចូ បៃ​ដិ​ន ទណ្ឌកម្មសេដ្ឋកិច្ច​រប​ស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ គុយបា ខាតបង់ 6.35 ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង 15 លាន​ដុល្លារ/ថ្ងៃ។

រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez ក៏​យល់ថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន កំពុងតែបន្ត​អនុវត្ត​គោលនយោបាយ «ដាក់​សម្ពាធ​ជា​អតិបរមា» ពី​សម័យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ គុយបា។

លោក Bruno Rodriguez ឱ្យដឹងថា ក្នុង​ប៉ុន្មាន​ខែ​កន្លងមកនេះ ថ្វីបើ​មានការ​កែសម្រួល​ជា​វិជ្ជមាន​ខ្លះ ប៉ុន្តែ​នៅតែមាន​ការកំណត់​ចំនួន​ជើងហោះហើរ​ជាដើម របស់ សហរដ្ឋ​អាម៉េរិក ទៅកាន់ គុយបា។

នេះ​គឺជា​លើក​ទី 30 ហើយ ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្ដីសម្រេច​ដែល​ស្នើ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ គុយបា ដើម្បី​អំពាវនាវ​ឱ្យ​ដក​ទណ្ឌកម្ម ហើយ​សុទ្ធតែ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលុប។

ក៏ប៉ុន្តែ សេចក្ដីសម្រេច​របស់ មហាសន្និបាត​អង្គការសហប្រជាជាតិ​មានអំណាច​តែ​ក្នុង​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ពោលគឺ​មិនមាន​លក្ខណៈ​ចាប់បង្ខំ​ឡើយ៕

Advertisement