រកឃើញ​បណ្ដាញ​ទន្លេ​​លាក់​ខ្លួន​​នៅ​ក្រោម​​ផ្ទាំង​​ទឹក​កក​​នៅ​​​​ប៉ូល​​ខាង​​ត្បូង​ ប្រវែង​ 460 ​គីឡូ​ម៉ែត្រ​

ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​រកឃើញ​បណ្ដាញ​ទន្លេ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្រោម​ស្រទាប់​ទឹកកក​ក្រាស់​នៅ​ប៉ូល​ខាង​ត្បូង​ ដែល​អាច​ពន្លឿន​ដំណើរ​ការ​រលាយ​របស់​ទឹក​កក​ និង​អាច​ពន្លិច​ផែនដី​។

លទ្ធផល​នៃការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កិច្ច​សហការ​រវាង សាកលវិទ្យា​ល័យ Imperial College London, Waterloo នៅ​ កាណាដា​, សាកល​វិទ្យាល័យ​ម៉ាឡេស៊ី Terengganu និង សាកល​វិទ្យា​ល័យ​ Newcastle របស់​ អង់គ្លេស នេះ​ ត្រូវ​បាន​​​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Nature Geoscience កាល​ពី​ថ្ងៃទី 27 តុលា។​ របក​គំហើញ​នេះ នាំ​មក​នូវ​ការ​យល់​ដឹង​ថ្មីអំពី​ប៉ូល​ខាងត្បូង​ ទន្ទឹម​នឹង​នេះ​ក៏​រម្លឹក​ឱ្យ​យើង​ស្វែង​យល់​បន្ថែម​ទៀត​អំពី ​ទ្វីប​អង់តាក់ទិក​។

«នៅ​ពេល​រកឃើញ​បឹង​ក្រោមស្រទាប់​ទឹកកក​មួយចំនួន​នៅ ប៉ូលខាងត្បូង កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង យើង​គិត​ថា ពួក​វា​នៅ​ដាច់​ដោយ​ឡែក​។ ពេល​នេះ​ យើង​ចាប់​ផ្ដើម​យល់​ថា ​មាន​ប្រព័ន្ធ​មួយ​​នៅ​ក្រោម​នោះ​ ដែល​តភ្ជាប់​គ្នា​ដោយ​បណ្ដាញ​ទន្លេ​ធំ​ៗ​» សាស្ត្រាចារ្យ​ Martin Siegert មក​ពី​សាកល​វិទ្យាល័យ​ Imperial College London ឱ្យ​ដឹង​ដូច្នេះ​។

ការ​ស្រាវជ្រាវ​បាន​អធិប្បាយ​ថា ទន្លេ​ទាំង​ឡាយ​ដែល​មាន​ប្រវែង 460 គីឡូម៉ែត្រ​ ប្រមូល​យក​ទឹក​ពី​តំបន់​មួយ​ដែល​មាន​ទំហំ​ប៉ុន​ ប្រទេស​អាល្លឺម៉ង់ និង​ បារាំង​ បូក​ចូល​គ្នា ដែល​នេះ​គឺ​ធំជាង​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​គិត​ទៅ​ទៀត​ ហើយ​វា​អាច​នឹង​បណ្ដាល​ឱ្យ​ផ្ទាំង​ទឹក​នៅ​ប៉ូល​ខាងត្បូង​ ឆាប់​រលាយ​ នៅ​ចំពោះ​មុខ​បម្រែ​បម្រួល​អាកាស​ធាតុ​។

បណ្ដាញ​ទន្លេ​​លាក់​ខ្លួន​ក្រោម​ផ្ទាំង​ទឹកកក​នៅ​​​ប៉ូល​ខាង​ត្បូង

«តំបន់​ស្រាវជ្រាវ​មាន​បរិមាណ​ទឹក​កក​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​របស់​ពិភពលោក​កើន​ឡើង​ 4.3 ម៉ែត្រ​បន្ថែម​ទៀត​» Seigert បក​ស្រាយ​ដូច្នេះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​តែ​ប្រមូល​ទិន្នន័យ​បន្ថែម​ពី​ការ​ស្រាវជ្រាវ​នានា​ដែល​ទាក់​ទង​នឹង​បណ្ដាញ​ទន្លេ​ថ្មី​នៅ​ក្រោម​ផ្ទៃ​ទឹក​កក​។ ពួក​គេ​សង្ឃឹម​ថា អាចកែ​​តម្រូវ​អ្វី​ដែល​ពួក​គេ​បាន​រកឃើញ​ ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​ប៉ូល​ខាង​ត្បូង​ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ពិភព​ផែន​ដី​​នា​ពេល​អនគាត នៅពេល​ទឹក​កក​រលាក៕

Advertisement