ឥណ្ឌា ធ្វើ​សមយុទ្ធ​យោធា​​ជាមួយ អាម៉េរិក នៅក្បែរ ព្រំដែន​ចិន

ក្រុម​នាវា​ចម្បាំង​របស់​បណ្ដា​ប្រទេស​ក្នុង​ក្រុម Quad

ឥណ្ឌា កំពុងតែ​រៀប​ផែនការ​សម្រាប់​សមយុទ្ធ​យោធា​ទ្វី​ភាគី និង​ពហុភាគី​​ជា​ច្រើន​នៅ​​មុន​ដំណាច់ឆ្នាំ 2022 ដើម្បី​កែលំអ​សមត្ថភាព​ផ្ទុំ​កម្លាំង​យុទ្ធសាស្ត្រ​ជាមួយ​បណ្ដា​ប្រទេស​ស្និទ្ធស្នាល។

សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា កងទ័ព​ឥណ្ឌា កំពុង​ត្រៀមខ្លួន​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ក្រុម​ប្រទេស​ជា​ដៃគូ នៅក្នុង​អំឡុង 2 ខែ​ចុង​ឆ្នាំនេះ។ ទ័ពជើងទឹក​ឥណ្ឌា នឹងចូលរួម​សមយុទ្ធ 4 ភាគី Malabar នៅ​សមុទ្រ​ជប៉ុន។ ទ័ពជើងគោក​ឥណ្ឌា នឹងធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​របស់ អូស្ត្រាលី និង 3 ប្រទេស​របស់ អាស៊ាន រួម​នឹង​សមយុទ្ធ​មួយទៀត​នៅលើ​ភ្នំ​ជាមួយនឹង សហរដ្ឋ​អាម៉េរិក។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ នោះ​គឺថា សមយុទ្ធ​របស់ ឥណ្ឌា ជាមួយនឹង អាម៉េរិក នឹង​ធ្វើឡើង​នៅក្បែរ​បន្ទាត់​គ្រប់គ្រង​ជាក់ស្ដែង (LAC) រវាង ឥណ្ឌា និង ​ចិន។

យោងតាម​ផែនការ​នេះ ចាប់ពី​ថ្ងៃទី 08 ដល់ 18 វិច្ឆិកា ទ័ពជើងទឹក​ឥណ្ឌា រួម​នឹង ទ័ពជើងទឹក​អាម៉េរិក អូស្ត្រាលី និង ជប៉ុន នឹងចូលរួម​ធ្វើ​សមយុទ្ធ Malabar នៅលើ​សមុទ្រ​របស់​ទីក្រុង Yokoshuka ប្រទេស​ជប៉ុន។ នេះ​គឺជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ទ័ពជើងទឹក​របស់​បណ្ដា​ប្រទេស​ក្នុង​ក្រុម​សន្ទនា​សន្តិសុខ 4 ភាគី (Quadrilateral Security Dialogue-QSD) ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Quad ចូលរួម​ធ្វើ​សមយុទ្ធ Malabar។ ប្រទេស​ទាំងនេះ​សុទ្ធតែ​ប្រកាសថា ប្ដេជ្ញា​ទប់ស្កាត់​រាល់​ការកៀបសង្កត់​នៅ​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទាហាន​ឥណ្ឌា និង​ អាម៉េរិក ធ្វើ​សមយុទ្ធ​កាល​ពី​ខែ​ សីហា 2022

ទន្ទឹមនឹងនេះ ទ័ពជើងគោក​ឥណ្ឌា ក៏​កំពុង​ត្រៀម​សម្រាប់​សមយុទ្ធ​ធំ​មួយ​ជាមួយនឹង​សម​ភាគី​អាម៉េរិក ចាប់ពី​ថ្ងៃ​​​ទី 15 វិច្ឆិកា​ដល់ 02 ធ្នូ។ សមយុទ្ធ​ដែលមាន​ឈ្មោះថា Yudh Abhyas នេះ​នឹង​ធ្វើឡើង​នៅ Auli ក្នុង​រដ្ឋ Uttarakhand របស់ ឥណ្ឌា ដែលមាន​ចម្ងាយ​ពី​បន្ទាត់ LAC ជាមួយ ប្រទេស​ចិន តែ 100 គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ចំណែក​ពីថ្ងៃ​ទី 28 វិច្ឆិកា​ដល់ 11 ធ្នូ កងទ័ព​ឥណ្ឌា និង អូស្ត្រាលី ក៏​នឹងធ្វើ​សមយុទ្ធ​ជើងគោក​រួម​ដែលមាន​ឈ្មោះថា Austra-Hind ជា​លើកដំបូង​នៅ Mahajan នៃ​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។

ឥណ្ឌា ក៏​កំពុងមាន​សកម្មភាព​ការពារជាតិ​ទ្វេភាគី​ជាមួយ​បណ្ដា​ប្រទេស​ក្នុង អាស៊ាន ផងដែរ ក្នុងនោះ​រួមមាន សមយុទ្ធ​ជើង​ទឹក SIMBEX ជាមួយ សិង្ហ​បុរី នៅ​ឈូង​សមុទ្រ Bengal ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី 26 តុលា និង​សមយុទ្ធ Agni Warrior ជាមួយ សិង្ហ​បុរី ចាប់ពី​ថ្ងៃទី 13 វិច្ឆិកា​ដល់ 30 វិច្ឆិកា។ ក្នុង​ពាក់កណ្ដាល​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ កងទ័ព​ឥណ្ឌា ក៏​នឹងចូលរួម​ធ្វើ​សមយុទ្ធ Harimau Shakti រួម​ជាមួយ​នឹង ម៉ាឡេស៊ី និង​សមយុទ្ធ Garud Shakti នៅ ឥណ្ឌូណេស៊ី ផងដែរ។

រថពាសដែក​របស់​កងទ័ព​ឥណ្ឌា និង​ សិង្ហបុរី កាលពី​ឆ្នាំ​ 2019

ឥណ្ឌា អះអាងថា សមយុទ្ធ​ទាំងនេះ​គឺ​ដើម្បី​កសាង​ទំនាក់ទំនង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​សមត្ថភាព​សហការ​ការពា​រ​ជាតិ​ជាមួយ​បណ្ដា​ប្រទេស​ដែលមាន​គោលដៅ​រួម៕

Advertisement