ឥណ្ឌូនេស៊ី «យកឈ្នះ» ឥណ្ឌា ក្លាយ​ជាទី​ដែលមាន​ករណី​វិជ្ជមាន​ប្រចាំថ្ងៃ ច្រើនជាងគេ​នៅ អាស៊ី

ឥណ្ឌូនេស៊ី រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ប្រចាំថ្ងៃ លើសពី 40,000 នាក់ រយៈពេល 2 ថ្ងៃជាប់ៗគ្នា ដែល​តួលេខ​នេះ ខ្ពស់ជាង ឥណ្ឌា ទៅទៀត នាំឱ្យ ឥណ្ឌូនេស៊ី ក្លាយជា​សម្បុក COVID-19 ថ្មី នៅក្នុង​ទ្វីបអាស៊ី។

សម្បុក​វីរុស COVID-19 ធំជាងគេ​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ី) កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ថ្មី ចំនួន 47,899 នាក់ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 40,427 នាក់​ក្នុង​មួយថ្ងៃ កាលពី​មួយថ្ងៃ​មុន​នោះ។ ចំណែក តួលេខ​នៃ​អ្នកជំងឺ​ថ្មី​នៅ​ប្រទេស ឥណ្ឌា វិញ គឺមាន 32,906 នាក់ (កាលពី​ថ្ងៃទី 13 កក្កដា) ថយចុះ​បន្តិច​ធៀប​នឹង 37,154 នាក់ កាលពី​ថ្ងៃទី 12 កក្កដា។

ប្រការ​ដែល​គួរឱ្យ​ប្រកាសអាសន្ន នោះ​គឺ តួលេខ​អ្នកជំងឺ​ថ្មី​ប្រចាំថ្ងៃ​នៅ ឥណ្ឌូនេស៊ី ខ្ពស់ជាង ឥណ្ឌា បើទោះជា​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​របស់ ឥណ្ឌា។ យោងតាម​ទំព័រ Our World in Data ឥណ្ឌូនេស៊ី បច្ចុប្បន្ន រកឃើញ​ប្រហែល 132 ករណី​ក្នុងចំណោម​ពលរដ្ឋ 1 លាន​នាក់ ខណៈដែល​អត្រា​នេះ​នៅ ឥណ្ឌា មាន​ត្រឹមតែ 26 ករណី​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី 11 ខែកក្កដា។

អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 ជា​មធ្យម​នៅ ឥណ្ឌូនេស៊ី គឺ​ចំនួន 3 នាក់ ក្នុងចំណោម​ពលរដ្ឋ 1 លាន​នាក់ ស្រប​ពេលដែល ឥណ្ឌា មាន​មិន​ដល់ 1 នាក់/លាន​នាក់។

ជា​សរុប ឥណ្ឌា នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​នៅក្នុង​ទ្វីបអាស៊ី ដោយមាន​អ្នក​ឆ្លង​សរុប ជាង 30.9 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 410,784 នាក់។ ឥណ្ឌូនេស៊ី ឈរ​លំដាប់​លេខ 2 ដោយមាន​អ្នក​ឆ្លង​សរុប ជាង 2.6 លាន​នាក់ ក្នុងនោះ​មាន 68,219 នាក់​បាន​ស្លាប់៕

ប្រភព៖ Nikkei
ប្រែ​សម្រួល៖ បុត្រា

Advertisement