ដោយ​បារម្ភ​អំពី​ការសាកល្បង​អាវុធ​ប្រល័យ​លោក​របស់ កូរ៉េខាងជើង សាស្ត្រាចារ្យ​កូរ៉េខាងត្បូង សង់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី

បន្ទប់​ការ​ពារ​វិទ្យុសកម្ម​របស់​លោក Lee

បារម្ភ​អំបើសិនជា កូរ៉េខាងត្បូង រង​ការវាយប្រហារ​ពី​អាវុធ​នុយ​ក្លេ​អែរ Lee Tae-goo នឹង​ចុះទៅ​ក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី និង​នៅទីនេះ​ពីរ​សប្ដាហ៍​ដើម្បី​ចៀសវាង​ពី​វិទ្យុសកម្ម។

ដោយមាន​ជញ្ជាំង​ក្រាស់​សង់​អំពី​បេតុង ច្រកចេញ​ចូលធ្វើ​អំពី​ដែកថែប និង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យកម្ម​កូរ៉េខាងត្បូង Lee Tae-goo ជឿជាក់ថា បន្ទប់ក្រោមដី​នេះ​អាចជួយ​ឱ្យ​លោក​រស់រានមានជីវិត​ក្នុង​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ និង​អាច​ទប់​ទល់នឹង​មី​ស៊ី​ល​ធម្មតា​​បាន។

បន្ទប់ក្រោមដី​នេះ​ស្ថិតនៅក្នុង​បរិមាណ​ក្បែរ​ផ្ទះ​របស់លោក Lee នៅក្នុង​ទីក្រុង Jecheon ចម្ងាយ​ពី រដ្ឋធានី​សេ​អ៊ូ​ល ប្រហែល 120 គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍។ លោក Lee បាន​ចំណាយ​ប្រាក់​​​អស់​ប្រហែល 70 លាន​វ៉ុ​ន (48,000 ដុល្លារ​អាម៉េរិក) ក្នុងការ​សាងសង់​បន្ទប់​ក្រោម​ដី​ ហើយ​នេះ​មិនទាន់​គិតដល់​ថ្លៃ​កម្ម​ករនៅ​ឡើយ។

ខ្ទង់​ប្រាក់​ខាងលើ​ត្រូវបាន​ចំណាយ​ដោយ​កម្មវិធី​ស្រាវជ្រាវ​មួយ​របស់ ក្រសួង​អប់រំ​កូរ៉េខាងត្បូង បន្ទាប់ពី​លោក Lee បានដាក់​សំណើ និង​បានទទួល​ការយល់ព្រម។ នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​យុទ្ធនាការ​របស់​សាស្ត្រាចារ្យ Lee ក្នុង​បំណង​អំពាវនាវ​ដល់ ប្រជាជន​កូរ៉េខាងត្បូង យកចិត្តទុកដាក់​ជាង​មុន​នៅក្នុង​ការត្រៀមខ្លួន​ដើម្បី​ទប់​ទល់នឹង​មហន្តរាយ​នុយ​ក្លេ​អែរ។

«កូរ៉េខាងជើង មាន​ចម្ងាយ​ពី​ទីនេះ​ត្រឹមតែ 100 គីឡូម៉ែត្រ ហើយ​ពួកគេ​អាច​បាញ់​មី​ស៊ី​ល​​បំពាក់​នុយ​ក្លេ​អែរ ឬ​ជីវសាស្ត្រ» សាស្ត្រាចារ្យ Lee មកពី​សាកលវិទ្យាល័យ Semyung និយាយ​ដូច្នេះ។ លោក Lee ក៏មាន​ការបារម្ភ​អំពី​លទ្ធភាព​ដែល​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងត្បូង ជួប​បញ្ហា​ដូច​ទៅនឹង​មហន្តរាយ​នៅ Fukushima របស់ ជប៉ុន។

កូរ៉េខាងត្បូង និង កូរ៉េខាងជើង ជា​មូលដ្ឋាន​គឺ​នៅតែ​ស្ថិតក្នុង​ស្ថានការណ៍​សង្គ្រាម ព្រោះថា ជម្លោះ​ប្រដាប់អាវុធ​ចន្លោះ​ពី​ឆ្នាំ 1950 ដល់ 1953 ត្រូវបាន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​តែប៉ុណ្ណោះ មិនមែនជា​សន្ធិសញ្ញា​ស​ន្តិ​ភាពឡើយ។ ភាគី​ទាំងពីរ​តែងតែ​ចោទប្រកាន់​គ្នា​ថា «មាន​សកម្មភាព​បង្កហេតុ» ធ្វើឱ្យ​ភាព​តានតឹង​មាន​ហានិភ័យ​ក្លាយជា​ជម្លោះ​ប្រដាប់អាវុធ។

កូរ៉េខាងជើង បាន​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ 6 លើក​មកហើយ ក្នុងនោះ លើកដំបូង​គឺ​នៅ​ឆ្នាំ 2006 និង​បាន​បាញ់​​សាក​ល្បង​​មី​ស៊ី​ល​ជាច្រើនលើក។ ថ្មីៗនេះ ទីក្រុង​ព្យុងយ៉ាង ក៏បាន​ឱ្យដឹងថា ពួកគេ​បានធ្វើ​សមយុទ្ធ «វាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ​យុទ្ធសាស្ត្រ» ក្រោម​ការតាមដាន​រប​ស់មេ​ដឹកនាំ គីម ជុង​អុន។

យោងតាម​លោក Lee អ្នក​ដែល​បាន​សាងសង់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​ដូច​លោក ភាគច្រើន​មិន​ចង់​ឱ្យគេ​ដឹង ព្រោះ​ខ្លាច​ថា នឹងមាន​ញាតិមិត្ត អ្នកជិតខាង​មកសុំ​ជ្រក។

«កាលពីពេល​ខ្ញុំ​កំពុង​សង់​បន្ទប់ក្រោមដី​នេះ អ្នកណាៗក៏​និយាយថា ពួកគេ​នឹង​​មក​លាក់ខ្លួន​នៅទីនេះ បើសិន កូរ៉េខាងត្បូង ត្រូវ​រង​ការវាយប្រហារ។ បន្ទប់​ក្រោម​ដី​នេះ​ដាក់​មនុស្ស​បានតែ 12 នាក់​ប៉ុណ្ណោះ៕

សាស្ត្រាចារ្យផ្នែកស្ថាបត្យកម្មកូរ៉េខាងត្បូង Lee Tae-goo នៅ​ក្នុង​បន្ទប់​ក្រោម​ដី​របស់​គាត់
ច្រក​ចូល​បន្ទប់​ក្រោមដី
ច្រក​ចូល​បន្ទប់​ក្រោមដី
Advertisement