រង​សម្ពាធ​ខ្លាំង!! អាមេរិក ត្រៀម​ចែករំលែក​វ៉ាក់សាំង “AstraZeneca” 60លាន​ដូ​ស ឱ្យ​ទូទាំង​ពិភពលោក

សហរដ្ឋអាមេរិក នឹង​ចាប់ផ្ដើម​ចែករំលែក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-19របស់ AstraZeneca ច្រើន​បំផុត ចំនួន 60លាន​ដូ​ស ឱ្យទៅ​ប្រទេសផ្សេងៗទូទាំង​ពិភពលោក យ៉ាង​លឿន​បំផុត​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ក្រោម​ការកៀបសង្កត់ បង្ខំ​ឱ្យ​ចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រទេសផ្សេងៗ ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ទីរ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា។

លោកស្រី ជេន សា​គី អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន បាន​ប្រាប់​ឱ្យដឹងថា សហរដ្ឋអាមេរិក នឹង​បញ្ចេញ​វ៉ាក់សាំង​ទៅឱ្យ​ប្រទេសផ្សេងៗ នៅពេលដែល​វ៉ាក់សាំង​ទាំងនោះ មាន​គ្រប់គ្រាន់ ដោយ​លោកស្រី​បញ្ជាក់ថា ប្រហែល​ជាមាន​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដែល​ត្រៀម​រួចជាស្រេច សម្រាប់​ការបញ្ជូន​ចេញ ប្រមាណ​ជា 10លាន​ដូ​ស ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ចំណែក​ប្រមាណ​ជា 60លាន​ដូ​ស​ទៀត​នោះ ពេលនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ការផលិត និង​ប្រហែលជា​នឹង​បញ្ជូន​ចេញ​បាន ក្នុង​ខែឧសភា និង​មិថុនា។

“ពេលនេះ​យើង​គ្មាន​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា នៅក្នុង​ដៃ​ឡើយ” លោកស្រី​សា​គី បាន​ថ្លែង​បែបនេះ ព្រមទាំង​បញ្ជាក់ថា គណៈ​អ្នកគ្រប់គ្រង​ច្បាប់​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​ពិនិត្យមើល​ឡើងវិញ​អំពី​គុណភាព​របស់​វ៉ាក់សាំង ដែល​ផលិត​ចេញមក​ទាំងនោះ​ផងដែរ។

លោកស្រី​សា​គី បាន​ថ្លែងបន្តថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កំពុងស្ថិត​ក្នុងការ​សម្រេច​ចិត្ត​ថា តើ​នឹង​បែងចែក​វ៉ាក់សាំង​ទៅឱ្យ​ប្រទេស​ណាខ្លះ និង​ច្រើន​តិច​ប៉ុនណា?  លោកស្រី​ថ្លែងថា “យើង​នឹង​ពិចារណា​ជម្រើសផ្សេងៗ ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​យើង និង​ប្រាកដ​ណាស់ យើង​យល់ថា វា​នឹង​ឆ្លងកាត់​សម្ព័ន្ធភាព​ដោយផ្ទាល់”

បច្ចុប្បន្ន វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មិនទាន់​បានទទួល​ការអនុម័ត​ពី​គណៈកម្មការ​អាហារ និង​ថ្នាំ​របស់​សហរដ្ឋអាមេរិក​នៅឡើយ សម្រាប់​ប្រើ​ក្នុងករណី​អាសន្ន។

កាលពី​ខែមីនា រដ្ឋបាល​របស់លោក​បៃ​ដិ​ន ធ្លាប់បាន​ប្រាប់ថា នឹង​បញ្ជូន​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ប្រមាណ​ជា 4លាន​ដូ​ស ទៅឱ្យ​ប្រទេស​កាណាដា និង​មិ​ក​ស៊ិ​ក និង​ពេលនេះ កំពុងស្ថិត​ក្រោម​សម្ពាធ បង្ខំ​ឱ្យ​បែងចែក​វ៉ាក់សាំង​ដែលមាន​នៅក្នុង​ស្តុក ទៅឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រទេសផ្សេងៗបន្ថែមទៀត។

ក្រុម​អ្នក​រិះគន់ បាន​ចោទ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថា បាន​ប្រមូល​ទុក​វ៉ាក់សាំង ក្នុងខណៈដែល​ប្រទេស​ដទៃ កំពុង​រើបម្រះ​យ៉ាងខ្លាំង​ក្លា ដើម្បី​ឱ្យបាន​វ៉ាក់សាំង ដែលមាន​ភាពចាំបាច់​បំផុត​សម្រាប់​ប្រទេស​ទាំងនោះ។

ប្រទេស​ឥណ្ឌា កំពុង​ក្លាយជា​មជ្ឈមណ្ឌល​កណ្ដាល​ថ្មី​ក្រោយ​គេ​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ដែល​កំពុង​ប្រឈម ធ្វើឱ្យ​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​ឈានទៅរក​សភាវ​ដួលរលំ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មិនបាន​សម្ដែង​ការយល់ឃើញ​យ៉ាងត្រង់ៗចំពោះ​ពាក្យ​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​នោះទេ តែ​បាន​ប្រាប់ថា “ការសម្រេចចិត្ត​បញ្ជូន​ស្តុក​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក ទៅកាន់​ប្រទេសផ្សេងៗនោះ គឺជា​ការសម្រេចចិត្ត​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក”

កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា នឹងមាន​ការបែងចែក​វ៉ាក់សាំង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ បន្ទាប់ពី​បានទទួល​ភ្លើង​បៃតង ពី​ការិយាល័យ​គណៈកម្មការ​អាហារ និង​ថ្នាំ​របស់​សហរដ្ឋអាមេរិក​រួចហើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement