Pfizer គ្រោង​នឹង​ដំឡើង​ថ្លៃ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ខ្ពស់​ជាង​បច្ចុប្បន្ន​ ៤ ដង

ក្រុម​ហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer គ្រោង​នឹង​ដំឡើង​ថ្លៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​ពី​ ​១១០ ដល់ ១៣០​ ដុល្លារ​អាម៉េរិក​ ខ្ពស់​ជាង​ ៤ ដង ធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​។ នេះ​បើ​តាម​ប្រកាស​របស់​នាយកប្រតិបត្តិ​របស់​ Pfizer Angela Lukin កាល​ពី​ថ្ងៃទី ២០ តុលា​។

បច្ចុប្បន្ន រដ្ឋាភិបាល​អាម៉េរិក កំពុង​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​​ ដោយ​មិន​គិត​ថ្លៃ​ ដល់​ពលរដ្ឋ​គ្រប់​រូប​ ប៉ុន្តែ ត្រូវ​បង់​ថ្លៃ​ប្រហែល ៣០​ ដុល្លារ​សម្រាប់វ៉ាក់សាំង​​ ១ ដូស​ ទៅ​ឱ្យ​ Pfizer និង​ដៃគូ អាល្លឺម៉ង់ BioNTech។

ការ​សម្រេច​ខាងលើ​ត្រូវ​បាន​ Pfizer លើក​ឡើង​ក្រោយ​ពី​កម្មវិធី​ទិញ​វ៉ាក់សាំង​របស់​ រដ្ឋាភិបាល​អាម៉េរិក ដល់​កាល​កំណត់​ ហើយ​ចាប់​ពី​ឆ្នាំ​ ២០២៣​​ ទីផ្សារ​វ៉ាក់សាំង​នឹង​ត្រូវ​បាន​ងាក​ទៅ​រក​បណ្ដា​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ឯកជន បើ​សិន​ជា​ស្ថានភាព​អាសន្ន​ស្ដីពី​សុខភាព​សាធារណៈ​ត្រូវ​បាន​ប្រកាស​​បញ្ចប់​។

លោក​ស្រី Pfizer Angela Lukin សង្ឃឹម​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន Pfizer នឹង​ត្រូវ​បាន​បន្ត​ផ្ដល់​ដោយ​មិន​គិត​ថ្លៃ​ដល់​ប្រជាជន​ដែល​មាន​ធានារ៉ាប់​រង​ឯកជន​ ឬ​ធានារ៉ាប់​រង​ដែល​ចេញ​ថ្លៃ​ដោយ​ រដ្ឋាភិបាល​អាម៉េរិក ហើយ​ទីផ្សារ​វ៉ាក់សាំង​កូវីដ-១៩ នឹង​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ទីផ្សារ​វ៉ាក់សាំង​សម្រាប់​ជំងឺ​ផ្ដាសាយ​​លើ​មនុស្ស​ធំនា​បច្ចុប្បន្ន​។

ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា អ្នក​ដែល​មិន​មាន​ធានារ៉ាប់​រង​ផ្នែក​សុខភាព​នឹង​ទទួល​​ការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ​តាម​របៀប​ណា​នៅឡើយ​។ Pfizer ក៏​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​តម្លៃ​របស់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ នៅ​តាម​បណ្ដា​ប្រទេស​ក្រៅ​ពី សហរដ្ឋ​អាម៉េរិក នៅឡើយ​៕

Advertisement