កូដកម្ម​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​អំពើហិង្សា​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង

ហ្វូង​កូដករ​ដែល​បាន​ហែក្បួន​នៅ​ ទីក្រុងប៉ារីស​ ប្រទេស​បារាំង បាន​ប្រែ​ទៅ​ជា​ខឹង​ខ្លាំង​ និង​ប៉ះទង្គិច​​គ្នា​នឹង​ក្រុម​ប៉ូលិស​ នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ នៅ​ពេល​ពួក​គេ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​មាន​កូដកម្ម​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។

ក្រសួង​មហា​ផ្ទៃ​បារាំង បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណជាង ១ សែន​នាក់​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ដង​ផ្លូវ​ដើម្បី​ធ្វើបាតុកម្ម​កាល​ពី​ម្សិលមិញ ក្នុង​នោះ​មាន​ ១៣,០០០ នាក់ ហែក្បួន​នៅ​ បារីស​។

បាតុករ​មួយចំនួន​ បាន​ដុត​ផៅបញ្ចេញ​ពន្លឺ​នៅ​ពេល​ហែក្បួន​តាម​ដងផ្លូវ​នៅ ប៉ារីស​។ ក្រុម​បាតុករ​ស្នើ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ ដើម្បី​ទប់ទល់​នឹង​ទំនិញ​ឡើង​ថ្លៃ​។

ក្រុម​មន្ត្រី​បារាំង បាន​ឱ្យ​ដឹង​ថា បាតុករ​មួយចំនួន​ដែល​ខឹង​ខ្លាំង បាន​ប្រើប្រាស់​អំពើ​ប្រឆាំង​នឹង​សមត្ថកិច្ច​ និង​ដាក់​ពង្រាយ​ធុងសំរាម និង​របស់​របរ​ផ្សេង​ទៀត​នៅលើ​ដង​ផ្លូវ​ដើម្បី​រារាំង​សកម្មភាព​បង្ក្រាប​របស់​ក្រុម​ប៉ូលិស​ ក្នុង​នោះមាន​អ្នក​ខ្លះ​ថែម​ទាំង​គប់​ដប​ទៅ​លើកម្លាំង​សន្តិសុខ​ផងដែរ​។

ក្រសួង​មហាផ្ទៃ​បារាំង​ បង្ហើប​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន ១១ នាក់​ត្រូវ​បាន​ចាប់​ខ្លួននៅ ប៉ារីស និង ៤ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​ៗ​ដែល​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ ប៉ូលិស​ ៩ នាក់​បាន​រងរបួស​ក្នុង​ពេល​ទប់ទល់​នឹង​ហ្វូង​បាតុករ​។

ចលនា​កូដកម្ម​នៅ ​ប្រទេស​បារាំង ត្រូវ​បាន​គេ​យល់​ថា​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) រាប់​ចាប់​តាំង​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ខែ​ឧសភា​ ក្នុង​គ្រាដែល​ អឺរ៉ុប កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក ព្រោះតែវិបត្តិ​ថាមពល​។

ការ​ស្ទង់​មតិ​មួយនៅ​លើ​ទូរទស្សន៍​​បារាំង BFM TV ​បាន​បង្ហាញ​ថា មាន​សាធារណមតិ​ប្រហែល​តែ​ ៣៩% ប៉ុណ្ណោះ​ដែល​គាំទ្រ​កូដកម្មទូទាំង​ប្រទេស​នា​ថ្ងៃទី ១៨ តុលា ក្នុង​ពេលដែល​ ៤៩% បាន​ជំទាស់​។

អតិផរណា​នៅ បារាំង បាន​ឡើង​លើស​ពី ៦% ធ្វើ​ឱ្យ​ទំនិញ​សំខាន់​ៗ​ដូច​ជា​សាច់ និង​មី​បំពង់​ជា​ដើម​ឡើងថ្លៃ​ខ្ពស់​។ សភា​បារាំង បាន​អនុម័ត​កញ្ចប់​ថវិកា​ដើម្បី​កាត់បន្ថយ​កំណើន​អតិផរណា​នៅ​ក្នុង​រដូវ​ក្ដៅ ប៉ុន្តែ​មិន​អាច​ប៉ះប៉ូវ​បាន​ទាំង​ស្រុង​នូវ​ការ​ចំណាយ​ទៅ​លើ​ថាមពល​ដែល​បាន​កើន​ឡើង​ខ្ពស់​ដោយ​សារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយក្រែន​៕

Advertisement