ផ្កាយរណប​ធ្វើ​ពី​ឈើ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក

រូប​ភាព​ប្រឌិត​បង្ហាញ​អំពី​សំរាម​អវកាស​ដែល​កំពុង​វិល​ជុំ​វិញ​ផែន​ដី​

សាកលវិទ្យាល័យ Kyoto កំពុង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ព្រៃឈើ​មួយ​ដើម្បី​អភិវឌ្ឍ​ផ្កាយរណប​ធ្វើ​អំពី​ឈើ និង​បញ្ជូន​វា​ឡើងទៅ​កាន់​គន្លង​គោចរ​ក្នុង​ឆ្នាំ 2023 ក្នុង​បំណង​កាត់បន្ថយ​សំរាម​ក្នុង​ទី​អវកាស។

Takao Doi ដែលជា​អ្នក​អវកាស​ជនជាតិ​ជប៉ុន និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kyoto បានឱ្យដឹងថា គុណប្រយោជន៍​របស់​ផ្កាយរណប​ធ្វើ​អំពី​ឈើ នោះ​គឺថា បើសិនជា​វា​ធ្លាក់​មកកាន់​ផែនដី ហើយ​ឆេះ វា​នឹងមិន​បញ្ចេញ​សារធាតុ​ដែល​បង្ក​ផលប៉ះពាល់​ដូច​ទៅនឹង​ផ្កាយរណប​ធ្វើ​អំពី​លោហធាតុ។

«យើង​យកចិត្តទុកដាក់​ទៅលើ​ភាពជាក់ស្ដែង​ដែលថា រាល់​ផ្កាយរណប​ដែល​ធ្លាក់​មកកាន់​បរិយាកាស​ផែនដី សុទ្ធតែ​ត្រូវ​ឆេះ ហើយ​បង្កើតបានជា​គ្រាប់​អុកស៊ីដ​អាលុយមីញ៉ូមល្អិតៗ អណ្ដែត​នៅក្នុង​ស្រទាប់​បរិយាកាស​ខាងលើ​ជាច្រើន​ឆ្នាំ ដែល​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​លើ​ផែនដី» លោក Takao Doi បកស្រាយ​ដូច្នេះ។

សាកលវិទ្យាល័យ Kyoto និង​ក្រុមហ៊ុន Sumitomo Forestry កំពុង​រៀបចំ​គម្រោង​ធ្វើ​ពិសោធន៍​ដើម្បី​ឱ្យដឹងថា ឈើ​ប្រភេទ​ណា​ដែលមាន​គុណភាព​ខ្ពស់​ជាងគេ​ក្នុងការ​ស៊ូទ្រាំ​បាន​ជាមួយនឹង​បរិស្ថាន​នៅ​ទី​អវកាស និង​ដើម្បី​អភិវឌ្ឍ​ប្រភេទ​ឈើ​ទាំងនោះ ឱ្យ​កាន់​តែមាន​គុណភាព​ដែល​អាច​ទប់ទល់​បាន​ជាមួយនឹង​សីតុណ្ហភាព និង​ពន្លឺព្រះអាទិត្យ​នៅក្នុង​លម្ហ​អវកាស។

សំរាម​អវកាស​បាន​ក្លាយជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ។ «បំណែក​នៃ​សំរាម​នៅ​ទី​អវកាស​កំពុងតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ការប៉ះទង្គិច​គ្នា​រវាង​បំណែក​សំរាម​អវកាស​នានា​ដែលមាន​ទម្ងន់​ចាប់ពី 1 ដល់ 10 តោន បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​ដល់​បរិស្ថាន» នេះ​បើតាម Daniel Oltrogge ប្រធាន​ម​ជ្ឈ​ម​ណ្ឌ​ស្ដង់ដា​និង​ការច្នៃប្រឌិត​ក្នុង​វិស័យ​អវកាស (CSSI / Center for Space Standards & Innovation)។

យោងតាម Oltrogge បច្ចុប្បន្ន មាន​វត្ថុ​ធំ​ជាង 1 សម ចំនួន​ជាង 760,000 ដុំ កំពុងស្ថិត​នៅក្នុង​គន្លង​គោចរ​របស់​ផែនដី។ តួលេខ​នេះ​នឹង​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​ក្រុមហ៊ុន​នានា​បន្ត​បាញ់​បង្ហោះ​ផ្កាយរណប និង​បណ្ដុំ​ផ្កាយរណប។ ក្រុមហ៊ុន SpaceX របស់លោក Elon Musk បាន​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន Starlink ចំនួន​ជិត 900 គ្រឿង​ទៅកាន់​គន្លង​គោចរ និង​កំពុងមាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី​សរុប​ចំនួន ចាប់ពី 12,000 ទៅ 14,000 គ្រឿង​ទៀត​នាពេលខាងមុខ៕

ប្រភព៖ Business Insider

Advertisement