រដ្ឋាភិបាល​បារាំង​ កោះ​ប្រជុំ​បន្ទាន់​ ព្រោះ​តែ​វិបត្តិ​ថាមពល​​ដោយ​សារ​កូដកម្ម

ប្រធានាធិបតី​បារាំង ម៉ាក្រុង កោះ​ប្រជុំ​ជាមួយ​នឹង​ក្រុម​រដ្ឋមន្ត្រី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ដែល​ចេះ​តែ​រីក​ធំឡើង​ និង​កំពុង​តែ​បង្កើត​ឱ្យ​មាន​វិបត្តិ​ថាមពល​នៅ​ប្រទេស​នេះ​។

ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង កាល​ពី​ម្សិលមិញ បាន​ឱ្យ​ដឹង​ថា លោក​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ «លឿនបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ដើម្បី​ដោះស្រាយ​បញ្ហា​បាតុកម្ម​នា​បច្ចុប្បន្ន​ និង​សន្យា​ថា​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ នេះ​បើ​តាម​ទូរទស្សន៍​បារាំង BFM TV។

រដ្ឋាភិបាល​បារាំង ស្នើឱ្យ​កូដករ​ដែល​ធ្វើ​កូដកម្ម​នៅ​​ឯ​ឃ្លាំង​ឥន្ធនៈ​ ២ កន្លែង​នៅ​ក្នុង​តំបន់ Feyzin ក្បែរ​ទីក្រុង Lyon ត្រលប់​ចូល​ធ្វើ​ការ​ មិន​ដូច្នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​​ទោស​ព្រហ្ម​ទណ្ឌ​ នេះ​បើ​តាមការ​ព្រមាន​របស់​​ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បារាំង Agnes Pannier-Runacher។

ស្ថានភាព​កូដកម្ម​នៅ​មូលដ្ឋាន​ចម្រាញ់​ប្រេង​របស់ ExxonMobil និង TotalEnergies បាន​អូស​បន្លាយ​ពេល​អស់​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ ធ្វើ​ឱ្យ​ប្រភព​ផ្គត់ផ្គង់​សម្រាប់​ស្ថានីយ​ប្រេង​សាំង​រាប់​ពាន់​នៅ​ ប្រទេស​បារាំង ត្រូវ​រអាក់​រអួល។ ក្រុម​សហជីព​បាន​ស្នើ​ឱ្យ​ដំឡើង​ប្រាក់​ខែ​ជូនដល់​​កម្មករ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា​។

បុគ្គលិក​របស់ ExxonMobil បាន​ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​ចម្រាញ់​ប្រេង​ Fos-sur-Mer និង​ឃ្លាំង​ប្រេងនៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ កាល​ពី​ចុងសប្ដាហ៍​កន្លង ក្រោយ​ពី​មាន​ការ​ចរចា​អំពី​ប្រាក់​ខែ​។ ប៉ុន្តែ​ស្ថាន​ភាព​កូដកម្ម​នៅ​តែ​បន្ត​កើត​មាន​នៅ​ឯរោង​ចក្រ​ចម្រាញ់​ប្រេង​របស់ TotalEnergies។

Advertisement