សហភាព​អឺរ៉ុប បន្ត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​រឹបអូស​យក​ឧបទ្វីប Krym និង Sevastopol របស់ អ៊ុយ​ក្រែ​ន

កាលពី​ថ្ងៃទី ២០ មិថុនា ឆ្នាំ​ ២០២២​ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​បន្ត​អនុវត្ត​វិធានការ​ដាក់ទណ្ឌកម្ម​ចំពោះ រុស្ស៊ី រហូតដល់​ថ្ងៃទី ២៣ មិថុនា ២០២៣ ទាក់ទិន​នឹង​រឿង រុស្ស៊ី រឹបអូស និង​បញ្ចូល​ឧបទ្វីប Krym (គ្រីមៀ​/​Crimea) និង​ទីក្រុង Sevastopol ទៅក្នុង ទឹកដី​រុស្ស៊ី។

កាលពី​ខែមិថុនា ២០១៤ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានអនុម័ត​វិធានការ​ដាក់ទណ្ឌកម្ម ដើម្បី​ឆ្លើយតប​នឹង​រឿង  រុស្ស៊ី រឹបអូស​យក គ្រីមៀ និង​ទីក្រុង Sevastopol។ ចាប់តាំងពី​ពេលនោះ​មក ទណ្ឌកម្ម​ទាក់ទង​នឹង​បញ្ហា​នេះ​ក៏ត្រូវ​បាន​ពន្យារ​សុពល​ភាពជា​បន្តបន្ទាប់។

ទណ្ឌកម្ម​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​រួមមាន ការហាមឃាត់​លើ​ការនាំ​ផលិតផល​ពី ​ឧបទ្វី​គ្រីមៀ​ និង Sevastopol ចូលមក សហភាព​អឺរ៉ុប (EU), ហាម​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ទេសចរណ៍ នៅ គ្រីមៀ​ និង Sevastopol។ EU ក៏​ហាម​នាំចេញ​ទំនិញ និង​ផលិតផល​បច្ចេកវិទ្យា​ទៅកាន់ គ្រីមៀ​ ផងដែរ។

Advertisement