រុស្ស៊ី មាន​អម្រែក​កាន់​តែ​ធ្ងន់ ព្រោះ​តែ​ ណាតូ (NATO) ជួយ​ដល់ អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន

វិមាន​ក្រឹម​ឡាំង បាន​ឱ្យ​ដឹង​ថា ជំនួយ​របស់ ណាតូ សម្រាប់​ អ៊ុយក្រែន ធ្វើ​ឱ្យ​ រុស្ស៊ី រង​ «អម្រែក​ធ្ងន់​បន្ថែម​ទៀត» ប៉ុន្តែបាន​​អះអាង​ថា មិន​ប៉ះពាល់​ដល់​គោល​ដៅ​នៃ​យុទ្ធនាការ​យោធា​របស់​ ទីក្រុង​មូស្គូ ឡើយ។

«ជាក់ស្ដែងគឺ​ថា ណាតូ បាន​ចូល​រួម​ធ្វើ​សង្គ្រាម​នៅ អ៊ុយក្រែន​។ ប៉ុន្តែ ប្រការ​នោះ​មិន​ប៉ះពាល់​ដល់​បណ្ដា​គោល​ដៅ​របស់​យើង​។ យុទ្ធនាការ​យោធា​នឹង​បន្ត​ ហើយ​យើង​ខ្ញុំ​នឹង​បាន​សម្រេច​» អ្នក​នាំពាក្យ​របស់​ វិមាន​ក្រឹមឡាំង Dmitry Peskov និយាយ​នៅ​លើ​ Rossiya-1 កាល​ពី​ថ្ងៃទី ១៦ តុលា​ដូច្នេះ​។

ការ​ប្រឹង​ប្រែង​របស់ ណាតូ សម្រាប់​ អ៊ុយក្រែន កំពុង​តែ​ធ្វើ​ឱ្យ​ រុស្ស៊ី ត្រូវ​ប្រមូល​កម្លាំង​សេដ្ឋកិច្ច និង​កម្លាំង​ដទៃ​ទៀត​ នេះ​បើ​តាម​លោក លោក Peskov។ លោក​បន្ថែម​ថា «អាជ្ញាធរ​អ៊ុយក្រែន​ គឺជា​បញ្ហា​មួយ​ ប៉ុន្តែ សក្ដានុពល​​របស់ ណាតូ គឺជា​បញ្ហា​មួយ​ផ្សេង​ទៀត​។ វា​មាន​ន័យ​ថា អម្រែក​នឹង​កាន់​តែ​ធ្ងន់»។

រុស្ស៊ី ថ្មី​ៗ​នេះ​បាន​រិះ​គន់​ចំពោះ​តួនាទី​របស់ ណាតូ នៅ​ក្នុង​សង្គ្រាម​នៅ អ៊ុយក្រែន។ កាល​ពី​សប្ដាហ៍​កន្លង វិមាន​ក្រឹម​ឡាំង​ និយាយ​ថា ណាតូ «កំពុង​ប្រយុទ្ធ​ដើម្បី​ អ៊ុយក្រែន» ក្រោយ​ពី អគ្គលេខាធិការ​របស់ ណាតូ និយាយ​ថា «ជ័យ​ជំនះ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹង​ជា​ការ​បរាជ័យ​ចំពោះ​យើង​ទាំង​អស់​គ្នា»។

អ្នក​នាំពាក្យ​របស់​ វិមាន​ក្រឹមឡាំង Dmitry Peskov

ណាតូ ខណៈ​នោះដែរ បាន​អះអាង​ថា មិន​ចូល​រួម​ធ្វើ​សង្គ្រាម​នៅ អ៊ុយក្រែន​ ដោយ​ផ្ទាល់​ឡើយ បើ​ទោះ​បាន និង​កំពុង​ផ្ដល់​ជំនួយ​ជា​អាវុធ​ទៅ​ឱ្យ ទីក្រុង​កៀវ ដើម្បី​ទប់​ទល់​នឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។

បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ណាតូ ដែល​ដឹក​នាំ​ដោយ​ សហរដ្ឋ​អាម៉េរិក បាន​ផ្ដល់​ជំនួយ​យោធា​ច្រើន​ប្រភេទ​ដល់ អ៊ុយក្រែន​​ ក្នុង​នោះ​មាន​ទាំង​កាំជ្រួច​ប្រតិកម្ម​រហ័ស កាំភ្លើង​ធំ​ចល័ត គ្រាប់​កាំភ្លើង​ធំ​ មីស៊ីល​ប្រឆាំង​រថក្រោះ​ មីស៊ីល​ការ​ពារ​ដែនអាកាស​ រួម​នឹង​អាវុធ និង​សម្ភារៈ​យោធា​ជា​ច្រើន​ប្រភេទ​ទៀត​ ចាប់​តាំង​ពី​​ រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ​ អ៊ុយក្រែន កាលពី​ចុង​ខែ​កុម្ភៈ ២០២២៕

Advertisement