ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

វៀតណាម-ទារិកាម្នាក់​ឈ្មោះ​ Dieu Nhi ដែល​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ទារិកា​​ភ្លោះ​ជាប់​គ្នា​ពី​រ​នាក់​ដែល​ទើប​តែ​ទទួល​បាន​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ពេល​នេះ​អាច​ញញឹម​ និង​លើក​ដៃ​បាន​ហើយ​ នៅ​ពេល​អនុប្រធានាធិបតី​វៀត​ណាម​ចូល​ទៅ​សួរសុខ​ទុក្ខ។

>ព័ត៌មាន​ទាក់​ទង
វៀតណាម​វះកាត់ទារិកាភ្លោះជាប់គ្នា​ដោយ​ជោគ​ជ័យ! វេជ្ជបណ្ឌិត​និង​ជំនួយ​ការ​​93​នាក់​ចូលរួម​ក្នុងការ​វះកាត់​នេះ​

ទារិកា​ឈ្មោះ Dieu Nhi បាន​ដឹង​ខ្លួន​ឡើង​វិញ​ និង​អាច​កម្រើក​អវយវៈ​មួយ​ចំនួន​ដូច​ជា​ការលើក​ដៃ​ និង​ញញឺម​ជា​ដើម​ នៅ​ពេល​ដែល​​អនុប្រធានាធិបតី​វៀតណាម លោក​ស្រី​​ Dang Thi Ngoc Thinh លើក​របស់​បរ​ក្មេង​លេង​ បង្ហាញ​ និង​និយាយ​លេង​ជាមួយ​នាង​។ ចំណែក​ទារិកា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​វះកាត់​ផ្ដាច់​ចេញ​ពី​ Dieu Nhi នៅ​មាន​សុខ​​ខ្សោយ​នៅ​ឡើយ​ និង​នៅ​គេង​ដោយ​ស្ងៀម​ស្ងាត់​។ ទារិកា​ទាំង​នេះ​ កំពុង​ទទួល​ការ​ថែ​ទាំ​នៅក្នុង​បន្ទប់​ជាមួយ​គ្នា​ ប៉ុន្តែគេង​គ្រែ​ដោយ​ឡែក​​ ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ថ្ងៃទី​15​កក្កដា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៃ​ទី​ក្រុង​ហូជីមិញ​។

ក្រោយ​រយៈ​ពេល​5​ថ្ងៃ​​នៃ​ការ​វះកាត់ ទារិកា​ទាំង​ពីរ​នៅ​តែ​បន្ត​ដក​ដង្ហើម​ដោយ​ប្រើ​ម៉ាស៊ីនជំនួយ​ និង​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ថ្នាំ​បន្ថយការ​ឈឺ​ចាប់ និង​ត្រូវ​បញ្ចូល​ជីវ​ជាតិ​អាហារ​ទៅ​តាម​សរសៃ​ឈាម​។ អត្រា​នៃ​ការ​រស់រាន​មាន​ជីវិត​គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​។ ចំណែក​​អាការ​​ក្ដៅ​ខ្លួន​ក្រោយ​ពី​ការ​វះកាត់​ក៏​បាន​បាត់​ ហើយ​ក៏​មិន​បាន​​ឆ្លង​មេរោគ​ក្នុង​ និង​ក្រោយ​ការ​វះកាត់​នោះ​ដែរ​។

វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​ថ្លែង​ថា នៅ​ពេល​វះកាត់​ ក្រុម​វេជ្ជ​បណ្ឌិត​បាន​យក​ពោះ​វៀន​មួយ​ផ្នែក​របស់​ទារិកា​ Dieu Nhi ​តភ្ជាប់​ទៅ​ឱ្យ​ទារិកា​ Truc Nhi ដូច្នេះ តិច​ឬ​ច្រើន​ក៏​នឹង​មាន​ប្រតិកម្ម​ជា​ការ​រលាក​ខ្លះ​ៗ​។ វេជ្ជបណ្ឌិត​បន្ត​ថា អត្រា​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​បែប​នេះ​គឺ​មាន​ប្រមាណ​ពី​70ទៅ​75​%។ នៅ​បរទេស ក៏​ធ្លាប់​មាន​ករណី​វះកាត់​បែប​នេះ​ដែរ ហើយ​ក្រោយ​ការ​វះកាត់​បាន​1សប្ដាហ៍​ ពោះ​វៀន​ក៏​បែក​ធ្លាយ​ ទារក​ក៏​បាន​ស្លាប់​ ដូច្នេះ​ហើយ​ ក្រុម​វេជ្ជ​បណ្ឌិត​វៀត​ណាម​មិន​ហ៊ាន​អះអាង​អ្វី​ជា​មុន​ឡើយ។

ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ទីក្រុង​ហូជីមិញ​ បាន​ទទួល​យក​ទារិកា​ Truc Nhi និង Dieu Nhi ពី​មន្ទីរ​ពេទ្យ​​មួយ​ឈ្មោះ​ Hung Vuong បន្ទាប់​ពី​បាន​ចាប់​កំណើត​មិន​គ្រប់​ខែ​ដោយ​ការ​វះកាត់​​។ ទារិកា​ទាំង​ពីរ​នេះ​ ពេល​នោះ​មាន​ទម្ងន់​3.2​គីឡូក្រាម​ មាន​អាការ​ខ្សោយ​ដង្ហើម​ដោយ​សារ​សួត​រីក​ចម្រើន​មិន​ទាន់​ពេញ​លេញ​។ ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឧបករណ៍​ជំនួយ​ដង្ហើម​ និង​ចញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​1ខែ។

មក​ដល់​អាយុ​13​ខែ ទើប​ក្រុម​វេជ្ជបណ្ឌិត​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ទារិកា​ភ្លោះ​ជាប់​គ្នា​នេះ​ កាលពីថ្ងៃទី​15​កក្កដា​កន្លង​ទៅ​។ ក្នុងរយៈ​ពេល​13​ម៉ោង​នៃ​ការ​វះកាត់ ទារិកា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​វះកាត់​ធំៗ​ចំនួន​4លើក​ជាប់​ៗ​គ្នា​ រួម​មាន​ ការ​វះកាត់​បំបែក​ចេញ​ពី​គ្នា តភ្ជាប់​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រព័ន្ធ​ទឹក​នោម​ គ្រោង​ឆ្អឹង​ល្អាង​ត្រគាក និង​បង្កើត​រន្ធ​គូទ​ជា​ដើម​។

នៅក្នុង​ការ​វះកាត់​នោះ ក្រុម​វេជ្ជ​បណ្ឌិត​ គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ឆ្នើម​ៗ​បំផុត​ចំនួន​93​រូប​ មក​ពី​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​​​ បាន​ចូល​រួម​ជួយ​ជ្រោម​ជ្រែងដោយ​ពេញ​ចិត្ត​ជា​ទី​បំផុត៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement