7 មូលហេតុដែលធ្វើ “សក់ជ្រុះ” ក្បាលទំពែក

អ្នកជំនាញផ្នែកស្បែកក្បាល និងសរសៃសក់បានដាស់តឿនថា បើលោកអ្នកកើតមានអាការជ្រុះសក់ក្នុងមួយថ្ងៃលើសពី 50 សរសៃនោះ គួរតែទៅជួបប្រឹក្សាជាមួយអ្នកជំនាញដើម្បីឱ្យបានដឹងពីមូលហេតុ និងការការពារ។

អ្នកជំនាញការបានបញ្ជាក់ថែមទៀតថា ជាប្រក្រតីសរសៃសក់របស់មនុស្សយើងមានប្រមាណជា 80.000 – 1.200.000 សរសៃ លូតលាស់វែងឡើងប្រមាណជា 0,35 មីល្លីម៉ែត្រក្នុងមួយថ្ងៃ និងមានអាយុពី 2 – 6 ឆ្នាំ ដោយជាប្រក្រតីនឹងមានសក់ជ្រុះជាប្រចាំរៀងរាល់ថ្ងៃ តែមិនលើសពី 30 – 50 សរសៃឡើយក្នុងមួយថ្ងៃៗ បើជ្រុះច្រើនជាងនេះ អាចបណ្តាលមកពីភាពខុសប្រក្រតីដែលមានមូលហេតុមកពី ៖

1 . ជ្រុះសក់ដោយសារពូជអម្បូរ ប្រទះឃើញទាំងនៅលើមនុស្សប្រុស និងមនុស្សស្រី តែភាគច្រើនៗកើតលើមនុស្សប្រុសខ្លាំងជាង ដោយសារតែឬសសក់មានភាពឆាប់រហ័សចំពោះអ័រម៉ូន អ៊ែនត្រូជេនដែលជាអ័រម៉ូនភេទប្រុស ធ្វើឱ្យសរសៃសក់មានអាយុខ្លីជាងប្រក្រតី និងសរសៃសក់ដែលកើតថ្មីមានខ្នាតតូចជាង និងកាន់តែស្តើងទៅ។ ភាគច្រើនៗជ្រុះនៅម្តុំៗកណ្តាលបន្ទូលក្បាល និងលើថ្ងាស ដោយចាប់ផ្តើមសង្កេតឃើញនៅពេលមានអាយុចាប់ពី 20 ឆ្នាំឡើងទៅ។

ចំណែកមនុស្សស្រីវិញច្រើនបង្ហាញអាការជ្រុះសក់នេះឱ្យឃើញនៅពេលក្រោយវ័យអស់វដ្តរដូវ សក់ជ្រុះដោយសារសក់ឈប់រីកលូតលាស់បណ្តោះអាសន្ន ដោយក្នុងមួយថ្ងៃៗនឹងមានសរសៃសក់ប្រមាណជា 10 – 15 % ឈប់រីកលូតលាស់ និងជ្រុះចេញពីក្បាល តែក្នុងសភាវខ្លះសរសៃសក់ដែលកំពុងរីកលូតលាស់អាចបញ្ឈប់ការរីកលូតលាស់ភ្លាមៗ ធ្វើឱ្យសរសៃសក់ចុះខ្សោយ និងរបូតជ្រុះកើនចំនួនច្រើនឡើងជាងប្រក្រតី ដូចជា ស្រ្តីក្រោយពេលប្រសូតបុត្រ ទារកទើបនឹងកើត ក្រោយពេលក្តៅខ្លួនខ្លាំង ក្រោយពេលវះកាត់ធំៗ មានជំងឺរ៉ាំរ៉ៃ ការបាត់បង់លោហិតច្រើន ការបរិច្ចាគឈាម ការប្រើថ្នាំប្រភេទខ្លះ និងសភាវតានតឹងធុញថប់ខាងផ្លូវចិត្ត។ ជ្រុះសក់ប្រភេទនេះច្រើនតែកើតឡើងក្នុងរយៈពេល 1 – 3 ខែ បន្ទាប់ពីនោះនឹងឈប់ជ្រុះ ហើយដុះឡើងថ្មីតាមប្រក្រតី។

2 . សក់ជ្រុះជាកញ្ចុំ កើតឡើងដោយមិនដឹងពីមូលហេតុច្បាស់លាស់ ដោយនឹងកើតអាការជ្រុះសក់បែបនេះក្នុងទ្រង់ទ្រាយរាងមូល ឬពងក្រពើ មានព្រំដែនច្បាស់លាស់ ចំកណ្តាលគ្មានសរសៃសក់ ស្បែកក្បាលក្នុងបរិវេណនោះមិនឡើងក្រហម មិនឈឺ មិនរមាស់ មិនកើតអង្គែ ឬរបកឡើយ អ្នកខ្លះអាចឃើញមានសរសៃសក់ពណ៌សដុះឡើងក្នុងបរិវេណនោះ។ អ្នកកើតអាការនេះអាចមាន

សក់ជ្រុះត្រឹមតែ 1 – 2 កញ្ចុំ ឬអាចច្រើនជាង 10 កញ្ចុំ បើកើតមានច្រើនអាចរាលដាលរហូតដល់ពេញក្បាល។ អ្នកខ្លះអាចមានរោមភ្នែក និងរោមចិញ្ចើមជ្រុះរួមជាមួយទៀតផង។ អ្នកកើតអាការនេះមួយចំនួនអាចជាបាត់ទៅវិញដោយឯកឯងតាមធម្មជាតិ តែអាចស៊ីពេលពេលវេលារាប់ឆ្នាំឯណោះ។ អ្នកខ្លះពេលព្យាបាលជាហើយ អាចកម្រើកឡើងវិញជាថ្មី កើតហើយជាវិញ កើតហើយជាវិញជាច្រើនដង ដែលអាចកើតរួមជាមួយជំងឺក្រពេញថៃរ៉យដ៍ទៀតផង។

3 . ជ្រុះសក់ដោយសារការដកសក់ អាចជួបប្រទះញឹកញាប់នៅលើកុមារដែលមានបញ្ហាសម្ពាធខាងផ្លូវចិត្តដោយសារមូលហេតុផ្សេងៗ ដូចជា បញ្ហាខាងក្រុមគ្រួសារ បញ្ហាការរៀនសូត្រ និងក្មេងមួយចំនួនអាចដកសក់លេងរហូតក្លាយជាទម្លាប់ ដោយអ្នកកើតអាការនេះនឹងដកសក់ខ្លួនឯងរហូតដល់ឆកក្បាល និងស្បែកក្បាលបរិវេណដែលសក់ជ្រុះនឹងគ្មានកន្ទួលរមាស់ ឬរបកឡើយ ហើយនឹងឃើញមានសរសៃសក់ដែលជាគល់ខ្លីៗជាច្រើន ដោយសារតែអ្នកកើតអាការនេះដកហើយដាច់។

4 . សក់ជ្រុះដោយសារមេរោគផ្សឹត ជំងឺដុះផ្សឹតលើស្បែកក្បាល (ក្អែលលើស្បែកក្បាល) អាចប្រទះឃើញញឹកញាប់នៅលើក្មេងដែលកើតឡើងដោយសារការឆ្លងមេរោគផ្សឹត។ ជំងឺនេះធ្វើឱ្យជ្រុះសក់ជាកញ្ចុំៗ កើតកន្ទួលក្រហមរមាស់ និងរបក ឬមានអង្គែ ក្រៅពីនេះច្រើនប្រទះឃើញមានស្លាកស្នាមរបស់មេរោគផ្សឹត (ក្អែល) នៅលើដៃ ជើង ដងខ្លួន ឬនៅក្នុងខោអាវទៀតផង។

5 . សក់ជ្រុះដោយសារការធ្វើសក់ ការធ្វើសក់ដោយការមូរសក់ លាបពណ៌សក់ ពត់សក់ ផ្លុំសក់ ឬវិធីផ្សេងៗក៏អាចធ្ចើឱ្យ​សក់ជ្រុះបានដែរ ដោយសារតែការដែលមានស្បែកក្បាលរលាក ឬសរសៃសក់ផុតស្រួយ។

6 . ជ្រុះសក់ដោយសារថ្នាំ និងការបាញ់កាំរស្មី ថ្នាំដែលអាចធ្វើឱ្យកើតអាការសក់ជ្រុះមានច្រើនប្រភេទ ដូចជា ថ្នាំព្យាបាលមហារីក ការបាញ់កាំេស្មីក្នុងការព្យាបាលមហារីក ថ្នាំការពារការផ្តុំខ្លួនរបស់ឈាម ថ្នាំព្យាបាលជំងឺពក-កមានជាតិពុល ថ្នាំពន្យារកំណើត ថ្នាំការពារជំងឺសន្លាក់ឆ្អឹងជាដើម។

7 . ជ្រុះសក់ដោយសារជំងឺផ្សេងៗ ដូចជា ជំងឺ SLE អាចមានអាការជ្រុះសក់ សក់ឡើងស្តើង រួមជាមួយអាការគ្រុនក្តៅរ៉ាំរ៉ៃ ឈឺតាមសន្លាក់ មានកន្ទួលឡើងនៅលើផ្ទៃមុខ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀតក៏ធ្វើឱ្យសក់ជ្រុះបានដែរ ដូចជា ថៃរ៉យដ៍ ស៊ីហ្វ៊ីលីស ជំងឺថ្លើម និងជំងឺក្រលៀន។

អ្នកដែលមានបញ្ហាសក់ជ្រុះ គួរតែសម្អាតសរសៃសក់ និងស្បែកក្បាលឱ្យបានជាប់ជានិច្ច មិនគួរអេះ ឬញីស្បែកក្បាលខ្លាំងៗជ្រុលពេកនោះទេ ចៀសវាងការទាញ ឬបោចសក់លេង និងចៀសវាងពីអាការតានតឹងមួម៉ៅធុញថប់ ព្រោះវានឹងជំរុញឱ្យអាការជ្រុះសក់កាន់តែធ្ងន់ធ្ងរឡើង៕

Advertisement