កូរ៉េខាងជើង បាញ់​មីស៊ីល​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​សមយុទ្ធ​នុយក្លេអែរ

មីស៊ីល​បំពាក់​ក្បាល​គ្រាប់​ដែល​ត្រូវ​បាន​ កូរ៉េខាងជើង ប្រកាស​កាល​ពី​ខែ​មករា ២០២២

KCNA បាន​ឱ្យ​ដឹង​ថា ការ​បាញ់​មីស៊ីល​ ៧ លើក​ ក្នុង​ ២ សប្ដាហ៍​កន្លង​របស់ កូរ៉េខាង​ជើង គឺ​សុទ្ធ​តែ​ជា​ការ​ធ្វើសមយុទ្ធ​ «នុយក្លេអែរយុទ្ធសាស្ត្រ» ក្រោម​ការ​តាម​ដាន​របស់​មេដឹក​នាំ​ គីម ជុងអុន។

ទីក្រុង​សេអូល តូក្យូ និង វ៉ាស៊ីងតោន ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​​នៅ​លើ​សមុទ្រ​ នាំ​ឱ្យ ទីក្រុង​ព្យុងយ៉ាង​ មាន​ការ​ខឹង​ខ្លាំង​ ដោយ​ចាត់​ទុក​ថា ទាំង​នោះគឺជា​ការ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ឈ្លាន​ពាន​ ហើយ​បក​ស្រាយ​ថា ការ​បាញ់​មីស៊ីល​របស់​ខ្លួន​គឺជា​ «សមយុទ្ធ​ទប់​ទល់» ដ៏ចាំបាច់​។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បាន​ឱ្យដឹង​ថា ការ​បាញ់​មីស៊ីល​នា​ពេល​កន្លង​របស់​ ទីក្រុង​ព្យុងយ៉ាង គឺដើម្បី​ឆ្លើយ​តប​នឹង​សមយុទ្ធ​យោធា​រួម​រវាង កូរ៉េខាងត្បូង ជប៉ុន និង​ សហរដ្ឋ​អាម៉េរិក ហើយ​ថា ការ​ធ្វើ​សមយុទ្ធ​របស់​ កូរ៉េខាងជើង គឺ​សុទ្ធ​តែ​ជា​​ «ការ​ធ្វើ​ត្រាប់​សង្គ្រាម​ជាក់ស្ដែង»។

«ប្រសិទ្ធភាព​ និង​សមត្ថភាព​ប្រយុទ្ធ​ជាក់ស្ដែង​របស់​កងកម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអែរ​ ត្រូវ​បាន​ធ្វើ​ឡើង​ពេញលេញ​ នៅពេល​កងកម្លាំង​នេះ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​វាយប្រហារ​ និង​កម្ទេច​គោលដៅ​នៅ​គ្រប់​ពេល​វេលា និង​ពី​គ្រប់​ទីតាំង​» KCNA ដកស្រង់​សម្ដី​របស់​លោក គីម ជុងអុន ឱ្យ​ដឹង​ដូច្នេះ​។ «បើទោះជាគូបដិបក្ខ​លើក​ឡើង​ជា​បន្តបន្ទាប់​អំពី​ការ​ចរចា យើង​ពុំ​មាន​អ្វីដែល​ត្រូវ​ពិភាក្សា​ និង​គិត​ថា ​មិន​ចាំបាច់​ក្នុងការ​​ធ្វើដូច្នេះ​»។

កូរ៉េខាងជើង ក្នុង​រង្វង់ ២ សប្ដាហ៍​កន្លង​ បាន​ធ្វើ​ការ​បាញ់​មីស៊ីល​ ៧ លើក​ ហើយ​ករណី​ថ្មី​បំផុត​គឺ​កាលពី​ម្សិលមិញ​។

សហរដ្ឋអាម៉េរិក និង​បណ្ដា​ប្រទេស​ជាសម្ព័ន្ធ​មិត្ត​ ថ្កោលទោស​ចំពោះ​ការ​បាញ់​មីស៊ីល​របស់ កូរ៉េខាងជើង ដោយ​ចាត់ទុក​ថា​ នោះ​គឺជា​សកម្មភាព​បង្ក​ហេតុ​ និង​បង្ក​អស្ថិរភាព​។ កូរ៉េខាង​ជើង និយាយ​ថា សកម្មភាព​របស់​ខ្លួន​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​ពី សហរដ្ឋ​អាម៉េរិក៕

Advertisement