ផ្កាយរណប​របស់​មហា​សេដ្ឋី​ Elon Musk ត្រូវគេ​សង្ស័យថា គំរាមកំហែង​ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន

ស្ថានីយអវកាស​ចិន​ Tiangong

ក្រុមមន្ត្រី​របស់​ប្រទេស​ចិន បាន​ចោទថា ផ្កាយរណប Starlink មួយចំនួន​របស់​ក្រុមហ៊ុន SpaceX ប៊ិះ​ប៉ះទង្គិច​ជាមួយនឹង​ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន ចំនួន ២ លើក ក្នុងអំឡុង​ប៉ុន្មាន​ខែ​កន្លង។

ក្រុមមន្ត្រី​ចិន កាលពីដើម​ខែធ្នូ ២០២១ បាន​បញ្ជូន​ឯកសារ​ទៅកាន់​ការិយាល័យ​គ្រប់គ្រង​សកម្មភាព​អវកាស​របស់​អង្គ​ការ​សហប្រជាជាតិ (UNOOSA)។ ឯកសារ​នេះ​ឱ្យដឹងថា ផ្កាយរណប​នៃ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត Starlink របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​ហោះ​មក​ក្បែរ​ស្ថានីយ​អវកាស Tiangong កាលពី​ថ្ងៃទី ១ កក្កដា និង​ថ្ងៃទី ២១ តុលា ឆ្នាំ ២០២១។

«ដើម្បី​សុវត្ថិភាព ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន ត្រូវអនុវត្ត​វិធានការ​ចល័ត​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច» ឯកសារ​ដែល​បានប្រកាស​នៅលើ​គេហទំព័រ UNOOSA នា​ថ្ងៃនេះ មាន​ឃ្លា​សរសេរ​ដូច្នេះ។

ព័ត៌មាន​ខាងលើ មិនទាន់​ត្រូវបាន UNOOSA ឬ​ស្ថាប័ន​ឯករាជ្យ​ណាមួយ​ទទួលស្គាល់​នៅឡើយ។ ចំណែក​ក្រុមហ៊ុន SpaceX ដែល​គ្រប់គ្រង​ដោយ Elon Musk ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​ដែរ ទាក់ទង​នឹង​បញ្ហា​នេះ។

ប្រព័ន្ធ​ផ្កាយរណប Starlink របស់ SpaceX ជិត ១,៩០០០ គ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​ដើម្បី​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក ពិសេស​គឺ​តំបន់​ដាច់ស្រយាល​ដែល​មិនអាច​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​តាម​វិធី​ធម្មតា​បាន។

ប្រទេស​ចិន ចាប់ផ្ដើម​សាងសង់​ស្ថានីយ​អវកាស Tiangong កាលពី​ខែមីនា ២០២១។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​ធ្វើ​រួចរាល់​នៅ​ចុងឆ្នាំ ២០២២៕

Advertisement