នៅសល់​វិធី​មួយ​ដែល​ជួយឱ្យលោក Trump ជាប់ឆ្នោតជាថ្មី!

តើសេណារីយ៉ូណាដែលជួយឱ្យលោក Trump អាចកែប្រែស្ថានភាពបច្ចុប្បន្ន ដើម្បីជាប់ឆ្នោតជាថ្មី?

ដើម្បីកែប្រែស្ថានការណ៍បច្ចុប្បន្ន និងដណ្ដើមបានឱកាសជាប់ឆ្នោតជាថ្មី លោក Donald Trump ត្រូវតែឈ្នះនៅក្នុងរដ្ឋយ៉ាងតិចចំនួន4ទៀត ក្នុងនោះរួមទាំងរដ្ឋដែលកំពុងនាំមុខដោយ Joe Biden ផងដែរ។

គិតដល់ដំណាច់ថ្ងៃទី4វិច្ឆិកា (ម៉ោងនៅអាមេរិក) បេក្ខភាព Joe Biden បានទទួលសំឡេងឆ្នោតគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន264សំឡេង ខណៈលោក Donald Trump បានទទួល214សំឡេង។ ឱកាសជាប់ឆ្នោតមិនទាន់បានបញ្ចប់នៅឡើយទេ នៅពេលដែលរដ្ឋសំខាន់ៗមួយចំនួននៅតែបន្តរាប់សន្លឹកឆ្នោត។

សារព័ត៌មាន Guardian បានអះអាងថា បេក្ខភាពទាំងពីរនៅតែមានឱកាសដើម្បីជាប់ឆ្នោត ប៉ុន្តែ ផ្លូវទៅកាន់ជោគជ័យរបស់លោក Biden ជិតជាង និងទូលាយជាង បើធៀបនឹងផ្លូវរបស់លោក Trump។

ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ214សំឡេង ហើយបើបូករួមទាំង3សំឡេងទៀតនៅ Alaska ដែលអាចបានទៅលើលោក Trump នោះលោកត្រូវការរកឱ្យបាន53សំឡេងទៀតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីជាប់ឆ្នោតជាថ្មី។ ដូច្នេះ វិធីតែមួយគត់ដែលនៅសល់របស់លោក Trump នាពេលនេះ នោះគឺត្រូវតែឈ្នះនៅក្នុងរដ្ឋទាំងឡាយដែលកំពុងរាប់សន្លឹកឆ្នោត រួមមាន រដ្ឋ Pennsylvania, North Carolina, Georgia និង Nevada ដែលជារដ្ឋមួយកំពុងលំអៀងទៅរក Joe Biden ដោយមានសំឡេងឆ្នោតប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន6សំឡេង។ ការឈ្នះនៅក្នុងរដ្ឋទាំង4ខាងលើនេះ នឹងជួយឱ្យលោក Trump ទទួលបានសំឡេងឆ្នោត57សំឡេងបន្ថែមទៀត។

ក៏ប៉ុន្តែ ដោយនៅមានសន្លឹកឆ្នោតយ៉ាងច្រើននៅទីក្រុង Philadelphia និង Pittsburgh របស់រដ្ឋ Pennsylvania ដែលភាគច្រើនជាសំឡេងគាំទ្ររបស់បក្សប្រជាធិបតេយ្យ មិនទាន់ត្រូវបានរាប់រួចរាល់ ដូច្នេះ ការកែប្រែស្ថានការណ៍របស់លោក Trump ដូចខាងលើ គឺជាសេណារីយ៉ូមួយដ៏មហាសែនលំបាកនៅក្នុងដំណាក់កាលនេះ។

ផ្ទុយទៅវិញ បេក្ខភាព Joe Biden មានឱកាសឈ្នះច្រើនជាង ព្រោះថា លោក Biden ត្រូវការសំឡេង​ឆ្នោត​គាំទ្រ​តែ​6​សំឡេង​ទៀត​​ប៉ុណ្ណោះ គឺគ្រប់ចំនួន270សន្លឹក ដែលជាសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីបានក្លាយជាប្រធានាធិបតី។ និយាយរួម លោក Biden គ្រាន់តែឈ្នះនៅក្នុងរដ្ឋ Nevada (6សំឡេង) ទៀតប៉ុណ្ណោះ នឹងទទួលបានជោគជ័យក្នុងការបោះឆ្នោត ដោយមិនចាំបាច់ឈ្នះនៅក្នុងបណ្ដារដ្ឋ ដូចជា Pennsylvania, Georgia និង North Carolina នោះទេ៕

ប្រភព៖ Guardian

Advertisement