យន្តហោះ​ដឹក​អ្នក​ដំណើរ​នៅ មីយ៉ានម៉ា ត្រូវ​រង​ការ​បាញ់​ប្រហារ​

ជើង​ហោះ​ហើរដឹក​អ្នក​ដំណើរ​ ៦៣ នាក់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​មីយ៉ានម៉ា បាន​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ពេល​ជិត​ចុះ​ចត​ក្នុង​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Kayah បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មីយ៉ានម៉ា ចេញ​ដំណើរ​ពី​ រដ្ឋធានីណៃពិដោ (Naypyidaw) ទៅ​កាន់ Loikaw ដែលជា​ទីក្រុង​រដ្ឋបាល​របស់រដ្ឋ Kayah នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ បាន​ត្រូវ​គ្រាប់​កាំភ្លើង​នា​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​​មិញ​ ​នៅ​លើ​កម្ពស់​ប្រហែល ១,០០០ ម៉ែត្រ​ ពេល​កំពុង​ត្រៀម​ចុះ​ចត​លើ​ព្រលាន​យន្តហោះ​។ គ្រាប់​កាំភ្លើង​ដែល​មិន​ទាន់​ស្គាល់​ប្រភេទ​ច្បាស់ បាន​ទម្លុះ​ជញ្ជាំង​របស់​យន្តហោះ​ និង​ត្រូវ​ចំអ្នក​ដំណើរ​ម្នាក់​។

«អ្នក​ដំណើរ​នេះ​ត្រូវ​រង​របួស​ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​ថ្ពាល់​ខាងស្ដាំ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រជាជន Loikaw។ កងកម្លាំង​សន្តិសុខ​កំពុងធ្វើ​ការ​នៅ​ក្នុ​ង​តំបន់​កើត​មាន​ហេតុការណ៍​វាយ​ប្រហារ​នេះ» អាជ្ញាធរ​យោធា​របស់ មីយ៉ានម៉ា បាន​ប្រកាស​ដូច្នេះ​។

របប​សឹក​មីយ៉ានម៉ា បាន​ចោទ​ថា ខ្មាន់​កាំភ្លើង​របស់​ គណបក្ស​​ចម្រើន​ជាតិ​ការ៉ែន (KNPP) ដែល​ជា​ក្រុមបះបោរ​​ជនជាតិ​ភាគ​តិច​ នៅ​ពីក្រោយ​អំពើ​នេះ​។

ប្រទេស​មីយ៉ានម៉ា បាន​ធ្លាល់​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​កន្លង ដោយ​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi នឹង​ប្រគល់​អំណាច​ឱ្យ​ឧត្តម​សេនីយ៍​ Min Aung Hlaing។

យោង​តាម​អង្គការ​តាម​ដាន​សិទ្ធិមនុស្ស​នៅ មីយ៉ានម៉ា មនុស្ស​ជាង ២,០០០ នាក់​បាន​ស្លាប់ និង​ជាង ១៥,០០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​យោធា​៕

 

Advertisement