WHO សម្រេច​ឱ្យ Moderna ក្លាយជា​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់! អាមេរិក និង​អឺរ៉ុប ជា​អ្នក​បញ្ជា​ទិញ​ច្រើន​ជាង​គេ​

កាលពី​ថ្ងៃទី30 ខែមេសា (ម៉ោង​នៅ​អឺរ៉ុប) អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ចូល​ឈ្មោះ Moderna ទៅក្នុង​បញ្ជី​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ ដើម្បី​ទប់ស្កាត់ Covid-19 ក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​រង​ការវាយលុក​ពី​វីរុស​នេះ​យ៉ាងធ្ងន់ធ្ងរ។

យោងតាម​សារព័ត៌មាន Reuters អង្គការ​សុខភាព​ពិភពលោក បានអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង Moderna របស់​សហរដ្ឋអាមេរិក ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Moderna. Inc ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​Covid-19 បន្ទាប់ពី​បាន​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព។

ក្រោយ​សេចក្ដីសម្រេច​ខាងលើ វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ឈ្មោះ Moderna នេះ បាន​ក្លាយជា​វ៉ាក់សាំង​ទី5 ដែល​ត្រូវបាន WHO អនុម័ត និង​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់ ដើម្បី​ចាក់​ជូន​ពលរដ្ឋ។

ការអនុម័ត​នេះ​របស់ WHO ក៏​ជួយ​ឱ្យ​បណ្ដា​ប្រទេស​ដែល​មិនអាច​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ដោយ​ខ្លួនឯង មាន​ជម្រើស​បន្ថែម នៅក្នុង​ការបញ្ជាទិញ។ Moderna ក៏​នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដល់​ប្រទេស​ក្រីក្រ តាមរយៈ COVAX ដែលជា​កម្មវិធី​បែងចែក​វ៉ាក់សាំង​ប្រកបដោយ​សមភាព​ជា​សក​ល នៃ​អង្គការ​សុខភាព​ពិភពលោក។

វ៉ាក់សាំង Moderna ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើ​បច្ចេកវិទ្យា mNRA ត្រូវបាន​ស្ថាប័ន​ជំនាញ SAGE វាយតម្លៃថា មាន​ប្រសិទ្ធភាព 94.1% បន្ទាប់ពី​ដំណើរការ​តាមដាន​អស់​រយៈពេល​ប្រហែល 2ខែ។

យោងតាម​ទ្រឹស្ដី វ៉ាក់សាំង Moderna ត្រូវបាន​រក្សាទុក​ជាទ​ម្រ​ង់​កក ច្រើន​ដូ​ស នៅក្នុង​ដបតូចៗ ជាមួយនឹង​សីតុណ្ហភាព​ចាប់ពី 25 ដល់ 15អង្សា​សេ តែ​ក៏​អាច​រក្សាទុក​ក្នុង​ទូទឹកកក រយៈពេល 30ថ្ងៃ ក្នុង​សីតុណ្ហភាព​ចាប់ពី 2 ដល់ 8អង្សា។

កាលពី​ថ្ងៃទី19 ខែធ្នូ ឆ្នាំ2020 វ៉ាក់សាំង Moderna ត្រូវបាន​សហរដ្ឋអាមេរិក អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទា​ន់ ដើម្បី​ទប់ទល់​នឹង​វីរុស​Covid-19។ ជាមួយនឹង​ការសម្រេច​នេះ វ៉ាក់សាំង Moderna ប្រមាណ​ជា 6លាន​ដូ​ស នឹងត្រូវ​បាន​ដឹក​ទៅកាន់​មូលដ្ឋាន​នានា​របស់​សហរដ្ឋអាមេរិក ដើម្បី​ចាក់​ជូន​ពលរដ្ឋ។

នៅ​សហរដ្ឋអាមេរិក រដ្ឋាភិបាល បាន​យល់ព្រម​ទិញ​វ៉ាក់សាំង Moderna តម្លៃ 15ដុល្លារ/ដូ​ស ដើម្បី​ទទួលបាន​សិទ្ធិ​បញ្ជា​ទិញ 100លាន​ដូ​ស ដោយ​មិនមាន​ឧបសគ្គ។

ចំណែក​គណៈ​កម្ម​អឺរ៉ុប (EC) ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ ចំនួន 80លាន​ដូ​ស​បន្ថែមទៀត ដូច្នេះ ជា​សរុប គិត​មកដល់​បច្ចុប្បន្ន EC បាន​បញ្ជា​ទិញ​វ៉ាក់សាំង Moderna នេះ ចំនួន 160លាន​ដូ​ស។ រីឯ​ប្រទេស​អង់គ្លេស​វិញ ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង Moderna ចំនួន 10លាន​ដូ​ស​បន្ថែមទៀត​ដែរ ខណៈដែល​ប្រទេស​បារាំង ក៏បាន «បើកភ្លើង​ខៀវ» ឱ្យ Moderna កាលពីពេលថ្មីៗនេះ៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement