ប្រធានាធិបតី​បេឡា​រុស ពុះឧស​ដើម្បី «ជួយ​ឱ្យ អឺរ៉ុប មិន​ស្លាប់​ដោយ​សារធាតុ​ត្រជាក់»

អាជ្ញាធរ​បេឡា​រុស បាន​បង្ហោះ​វីដេអូ​មួយ​ស្ដីពី ប្រធានាធិបតី Lukashenko កំពុង​ពុះឧស និង​ថ្លែងថា លោក​នឹងមិន​បណ្ដោយឱ្យ អឺរ៉ុប «ស្លាប់​ដោយសារ​ត្រជាក់» ក្នុង​រដូវរងា​នេះឡើយ។

«នេះ​ពិតជា​ឧស​ល្អ» ប្រធានាធិបតី​បេឡា​រុស Alexander Lukashenko ថ្លែង​នៅពេល​កំពុង​ពុះឧស នៅក្បែរ​អ្នកជំនួញ Sergey Teterin លើ​ទីលាន​នៃ​តំបន់​លំហែកាយ​នៅ​ជាយក្រុង។

វីដេអូ​នេះ​ត្រូវបាន​ការិយាល័យ​សារព័ត៌មាន​របស់ ប្រធានាធិបតី​បេឡា​រុស បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី ១៤ កញ្ញា។ «យើង​នឹងមិន​បណ្ដោយឱ្យ អឺរ៉ុប ស្លាប់​ដោយសារ​ធាតុ​ត្រជាក់។ ចូរ​ជួយ​ដល់​ពួកគេ ថ្ងៃ​ណាមួយ ពួកគេ​នឹង​ជួយ​យើង​វិញ​ក៏​ថា​បាន» លោក Lukashenko ថ្លែង​ដូច្នេះ។

ប្រធានាធិបតី Lukashenko យល់ថា បច្ចុប្បន្ន អឺរ៉ុប មិនមាន​ជម្រើស​ច្រើន ព្រោះថា ប្រការ​សំខាន់​សម្រាប់​ពួកគេ​នាពេលនេះ​គឺ​កម្ដៅ។ «យើង​ត្រូវ​ធានាថា ឧស​ទាំងនេះ​នឹង​ត្រូវបាន​បញ្ជូនទៅ​ដល់​ដៃ​ពលករ កសិករ មិនមែន​ក្រុម​អ្នក​មាន​ឡើង» ប្រធានាធិបតី​បេឡា​រុស បញ្ជាក់​ដូច្នេះ។

វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​នៅក្នុង​ស្ថានការណ៍​ដែល​លំហូរ​ឧស្ម័ន​ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប កំពុង​ថយចុះ​ច្រើន បន្ទាប់ពី ទីក្រុង​មូ​ស្គូ បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ២០២២។

ក្រុម​ប្រទេស​នៅ អឺរ៉ុប កំពុងតែរ​ត់រក​ប្រភព​ផ្គត់ផ្គង់​ថាមពលជំនួស​ឧស្មាន​ពី រុស្ស៊ី និង​សំច័យ​ឧស្ម័ន​ដើម្បី​ចៀសវាង​បញ្ហា​ខ្វះខាត​ថាមពល​នៅក្នុង​រដូវរងា​ឆ្នាំនេះ។

បេឡា​រុស គឺជា​សម្ព័ន្ធមិត្ត​របស់ រុស្ស៊ី ដើរតួនាទី​ជា​កន្លែង​ប្រមូលផ្ដុំ​កងទ័ព​របស់ ទីក្រុង​មូ​ស្គូ ក្នុង​យុទ្ធនាការ​យោធា​ពិសេស។ ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន៕

Advertisement