ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា អ៊ុយ​ក្រែ​ន នឹង​វាយ​ដណ្ដើមយក​មកវិញ​ទឹកដី​ទាំងអស់​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី សន្យាថា ប្រទេស​នេះ​នឹង​ដណ្ដើមយក​មកវិញ​នូវ​ទឹកដី​ទាំងអស់​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ចូលកាន់​កាប់ ក្នុងនោះ​មាន​ទាំង​តំបន់ Donbass និង ឧបទ្វីប​គ្រី​មៀ (Crimea) ផងដែរ។

«យើង​មិន​ធ្លាប់បាន​ភ្លេច ហើយក៏​នឹងមិន​បំភ្លេចចោល​ទីក្រុង​ណាមួយ ប្រជា​ជនណាម្នាក់​របស់​យើង​ឡើយ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ក្នុង​សុន្ទរកថា​មួយ កាលពី​ព្រលប់​ថ្ងៃទី ២៨ សីហា។

«ពេលនេះ Donbass ស្ទើរតែ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់ រុស្ស៊ី។ Donetsk ដែល​ជាទី​មោទកភាព រុងរឿង ក៏ត្រូវ​រង​ការ​បៀតបៀន ព្រោះតែ​ការឈ្លានពាន​របស់ រុស្ស៊ី។ ក៏ប៉ុន្តែ អ៊ុយ​ក្រែ​ន នឹង​ដណ្ដើមយក​មកវិញ។ ប្រាកដជា​បែបនេះ។ ជីវភាព​នឹង​ត្រលប់​មកវិញ។ គុណ​តម្លៃ​របស់ ប្រជាជន Donbass នឹង​ត្រូវបាន​ដណ្ដើម​មកវិញ។ ឱកាស​រស់នៅ​ដោយ​សុវត្ថិភាព និង​សុភមង្គល ក៏​នឹង​វិល​ត្រលប់​មកវិញ» លោក ហ្សេ​ឡែ​ន​ស្គី អះអាង​ដូច្នេះ។

យោងតាម​លោក ហ្សេ​ឡែ​ន​ស្គី ទង់ជាតិ​អ៊ុយ​ក្រែ​ន នឹង​បង្ហាញខ្លួន​នៅ Donetsk, Gorlovka, Mariupol និង​នៅ​គ្រប់​ទីកន្លែង​ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ កងទ័ព​រុស្ស៊ី។

ការអះអាង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​លើកឡើង​ក្នុងអំឡុង​ពេលដែល ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ សភា​ជាន់​ទាប​រុស្ស៊ី បានប្រកាស​លក្ខខណ្ឌ​សម្រាប់​ការ​ចរចរ​សន្តិភាព​ជាមួយ អ៊ុយ​ក្រែ​ន។  លោក Leonid Slutsky បាន​បញ្ជាក់ថា ការដែល អ៊ុយ​ក្រែ​ន ចុះចាញ់ និង«មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម» នឹង​ក្លាយជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ការចរចា​សន្តិភាព៕

Advertisement