នៅរួចខ្លួន 15ប្រទេស!!…តើ​ប្រទេស​ណា​ខ្លះ​លើពិភពលោក ដែលនៅមិនទាន់មានរបាយការណ៍អ្នកឆ្លង​មេ​រោគ​កូវីដ-19?

នៅរួចខ្លួន 15ប្រទេស!!...តើប្រទេសណាខ្លះលើពិភពលោក ដែលនៅមិនទាន់មានរបាយការណ៍អ្នកឆ្លងមេរោគកូវីដ-19?

ទីភ្នាក់ងារព័ត៌មាន Foxnews បានរាយការណ៍ថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅតែឆ្លងរាលដាលយ៉ាងសាហាវ​ទូទាំងពិភពលោកក្នុងអត្រាទ្វេគុណ ក្នុងរយៈពេល1ម៉ោងៗដែលកន្លងផុតទៅ ទាំងប្រទេសធំ និងប្រទេសតូចសុទ្ធតែបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគថ្មីជាបន្តបន្ទាប់ ក៏ប៉ុន្តែ រហូតមកទល់ថ្ងៃព្រហស្បតិ៍​(ទី2មេសា)ម្សិលមិញ នៅសល់ប្រទេសចំនួន 15ទៀត ដែលនៅមិនទាន់មានរបាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគវីរុសមរណៈនេះនៅឡើយ។

កាលពី 3សប្ដាហ៍ដំបូង ទីភ្នាក់ងារព័ត៌មាន Foxnews បានរាយការណ៍ថា នៅមាន 63ប្រទេសទៀតដែលមិនទាន់ការប្រកាសថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងតំបន់របស់ពួកគេនៅឡើយ មុននឹងថយចុះមកនៅ 19ប្រទេសកាលពីសប្ដាហ៍មុន និងចុងក្រោយបំផុត កាលពីថ្ងៃព្រហស្បតិ៍(ទី2មេសា)ម្សិលមិញ នៅសល់តែ 15​ប្រទេស​ប៉ុណ្ណោះ ដែលមិនទាន់មានរបាយការណ៍អំពីអ្នកឆ្លងមេរោគនៅក្នុងប្រទេសរបស់ពួកគេទៅកាន់ស្ថាប័នពិភពលោកដែលពាក់ព័ន្ធនឹងរឿងនេះ ខណៈដែលចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោកបានកើនឡើងធ្លុះ 1លាននាក់ទៅហើយ និងស្លាប់ចំនួន 51,465នាក់។

តទៅនេះ គឺបញ្ជីឈ្មោះប្រទេសទាំងនោះ ព្រមជាមួយចំនួនប្រជាជនរបស់ពួកគេ៖ 1.ខូម៉ូរ៉ូស(814,000នាក់) 2.សាធារណរដ្ឋ ឃិរិបាស(116,300នាក់) 3.រាជាណាចក្រ ឡេសូថូ(2.2លាននាក់) 4.ម៉ាឡាវី(18.6លាននាក់) 5.ប៉ាឡៅ(21,000នាក់) 6.សាមួ(196,440នាក់) 7.សៅទូមេ និងព្រិនស៊ីពី(204,300នាក់) 8.បណ្ដុំកោះសូឡូម៉ុន(611,300នាក់) 9.ស៊ូដង់ខាងត្បូង(12.6លាននាក់) 10.ថាជិគីស្ថាន(8.9លាននាក់) 11.តង់ហ្កា(108,000នាក់) 12.ទើកមេនីស្ថាន(5.8លាននាក់) 13.ទូវ៉ាលូ(11,192នាក់) 14.វ៉ានូអាទូ(276,250នាក់) 15.យេមែន(28.2លាននាក់)។

យ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរសាធារណៈសុខាភិបាល និងអ្នកជំនាញការរបស់ពិភពលោក បានវិភាគពីព័ត៌មានទាំងនោះយ៉ាងប្រយ័ត្នប្រយែងបំផុត ដោយសារតែ បើសិនជាប្រទេសណាមួយមិនបានរាយការណ៍ពីករណីអ្នកឆ្លងមេរោគកូវីដ-19 នោះមិនមែនមានន័យថា ពួកគេមិនមានអ្នកឆ្លងមេរោគនោះទេ ព្រោះនៅក្នុងនោះ មួយចំណែកខ្លះអាចមិនមានធនធានមនុស្ស និងបច្ចេកទេសសម្រាប់ពិនិត្យរកមេរោគដែលគួរឱ្យជឿទុកចិត្តបាន និងប្រទេសខ្លះទៀត ក៏ជាប្រធានបទពាក់ព័ន្ធនឹងការជិះជាន់សង្កត់សង្កិនរបស់អំណាចផ្ដាច់ការដែរ។

ចំណែកឯ ប្រទេសកូរ៉េខាងជើង ដែលមានព្រំដែនជាប់នឹងប្រទេសចិន ចំណុចដែលការឆ្លងរាលដាលបានចាប់កំណើតឡើងកាលពីចុងឆ្នាំទៅនោះ មិនទទួលស្គាល់ថា មានការឆ្លងរាលដាលនៃមេរោគកូវីដ-19នៅក្នុងប្រទេសរបស់ខ្លួនឡើយ តែយ៉ាងណាក៏ដោយ Foxnews បានយោងលើព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងសារព័ត៌មានក្នុងតំបន់ដែលជឿថា ក្រុងព្យុងយ៉ាងកំពុងតែតស៊ូប្រយុទ្ធនឹងករណីអ្នកឆ្លងមេរោគកំណាចនេះជាច្រើនពាន់នាក់ ខណៈដែលសារព័ត៌មាន ហ្វៃនេនសៀល ថាមស៍ បានរាយការណ៍កាលពីថ្ងៃពុធ(ទី1មេសា)ថា ក្រុងព្យុងយ៉ាង បានទំនាក់ទំនងទៅអង្គការអន្តរជាតិជាច្រើនយ៉ាងស្ងាត់ៗ ដើម្បីសុំការជួយសង្គ្រោះក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement