ទឹកជំនន់និង​ បំណាក់​ដី​​ដោយ​សារ​ភ្លៀង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៥០ នាក់​នៅ ឥណ្ឌា បាត់បង់​ជីវិត

ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ គ្រោះទឹកជំនន់ និង​បាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងហោច ៥០ នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ភាគ​ខាងកើត​របស់ ប្រទេស​ឥ​ណ្ឌា។

ជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូល​ភូមិឋាន កួច​យក​ផ្ទះសំបែង និង​បណ្ដាលឱ្យ​ប្រជាជន​ត្រូវ​ជាប់គាំង​នៅនឹងកន្លែង ខណៈដែល​ក្រុម​សង្គ្រោះ​ត្រូវ​រត់ប្រណាំង​នឹង​ពេលវេលា​ដើម្បី​ឈ្លៀសមនុស្ស​ដែល​នៅមាន​ជីវិត ទៅ​រក​ទីសុវត្ថិភាព​។

ជនរងគ្រោះ​នៅក្នុង​គ្រោះទឹកជំនន់​នេះ​ភាគច្រើន​នៅក្នុង​រដ្ឋ Himachal Pradesh, Uttarakhand និង​រដ្ឋ Odisha បន្ទាប់ពី​បាតុភូត​ទឹកជំនន់ និង​បំណាក់​ដី​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត ៨០០,០០០ នាក់ ក្នុងនោះ​មាន​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ភៀសខ្លួន​ពី​ទីលំនៅ។ ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹកជំនន់​បានធ្វើ​ឱ្យមាន​បញ្ហា​រអាក់រអួល​ដល់​បណ្ដាញ​អគ្គិសនី ទឹក និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់យ៉ាង​ធ្ងន់​ធ្ងរ។

ជា​រៀងរាល់ឆ្នាំ រដូវភ្លៀង​នៅ ឥណ្ឌា បាន​បង្ក​ការខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ប៉ុន្តែ វា​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​សម្រាប់​​ឧស្សាហកម្ម ជា​វិស័យ​ដែល​រួមចំណែក​ប្រមាណ ១៥% ទៅក្នុង​សេដ្ឋកិច្ច​របស់ ប្រទេស​ឥណ្ឌា៕

Advertisement