អ៊ុយ​ក្រែ​ន ប្ដេជ្ញា​យកឈ្នះ​លើ រុស្ស៊ី ឱ្យបាន​មុន​រដូវរងា

លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន

ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា ប្រទេស​នេះ​ត្រូវតែ​យកឈ្នះ​លើ រុស្ស៊ី ឱ្យបាន​មុន​រដូវរងា ដើម្បី​ទប់ស្កាត់ ទីក្រុង​មូ​ស្គូ មានប្រៀប​យូរអង្វែង។

«ប្រការ​ដែល​សំខាន់​សម្រាប់​យើង នោះ​គឺ​មិនត្រូវ​អូសបន្លាយ​សង្គ្រាម​រហូត​ដល់​រដូវរងា។ ក្រោយ​រដូវរងា នៅពេលដែល ជនជាតិ​រុស្ស៊ី មាន​ពេល​ច្រើន​ដើម្បី​ស្ដារ​កម្លាំង ស្ថានការណ៍​នឹង​លំបាក​ជាង​នេះ​ឆ្ងាយ។ អ្វីដែល​យើង​ត្រូវធ្វើ គឺ​ការលុបបំបាត់​លទ្ធភាព​នេះ» Andriy Yermak ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​កាលពី​ថ្ងៃទី ១៩ កក្កដា។

លោក Yermak បាន​រម្លឹក​ឡើងវិញ​ថា សម្ព័ន្ធមិត្ត​លោកខាងលិច គួរផ្ដល់​អាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន និង​បន្តថា លោក​កំពុង​រង់ចាំ​ជំនួយ​ខ្ទង់ពាន់​លាន​ដុល្លារ​របស់ សហរដ្ឋ​អាម៉េរិក ក្រោមរូបភាព​ជំនួយ​ជា​អាវុធ និង​ហិរញ្ញវត្ថុ។

ច្បាប់ Lend-Lease (ឱ្យ​ជួល-ឱ្យ​ខ្ចី) សម្រាប់​ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ឆ្នាំ ២០២២ ដែល​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ខែឧសភា ដើម្បី​ព​ន្លឿ​ន​ការបញ្ចេញ​កញ្ចប់​ជំនួយ នឹងមាន​សុពលភាព​ទាំងស្រុង​ចាប់ពី​ខែក្រោយ។

«គោលដៅ​របស់​យើង​គឺ​ជ័យជម្នះ» លោក Yermak សង្កត់ធ្ងន់​ដូច្នេះ និង​បន្តថា ការចរចា​ជាមួយ រុស្ស៊ី ដែល​កំពុង​ធ្វើឡើង សុទ្ធតែ​ផ្ដោតទៅលើ​ការរំដោះ​ធញ្ញជាតិ​ពី​បណ្ដា​កំពង់ផែ​ដែល​ត្រូវបាន​បិទ​ខ្ទប់ ពោលគឺ​មិនមែន​ស្វែងរក​វិធី​ដើម្បី​បញ្ចប់សង្គ្រាម​ឡើយ។

ឆ្លើយតប​នឹង​សំណួរ​របស់ Forbes Ukraine កាលពី​ថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ក៏បាន​បញ្ជាក់ថា ទីក្រុង​កៀវ នឹង​ចូល​តុ​ចរចា​រក​សន្តិភាព​ឡើងវិញ លុះណាតែ ទីក្រុង​មូ​ស្គូ «បរាជ័យ​ក្នុង​សមរភូមិ»។

ចំណែក​ភាគី​ខាង​រុស្ស៊ី លោក Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី បានប្រកាសថា ទីក្រុង​មូ​ស្គូ នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​មានប្រៀប​នៅលើ សមរភូមិ​អ៊ុយ​ក្រែ​ន៕

Advertisement