កូរ៉េខាងត្បូង ស្នើ​ផ្ដល់​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ ឱ្យ កូរ៉េខាងជើង

សំណើ​នេះ​ត្រូវបាន​លើកឡើង មិនទាន់​ដល់​មួយខែ​ក្រោយពី មេដឹកនាំ គីម ជុង​អុន ប្រកាសថា កូរ៉េខាងជើង បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​លទ្ធភាព​នៃ​ការដាក់​ពង្រាយ​អាវុធ​នុយ​ក្លេ​អែរ ពេល​មាន​សង្គ្រាម​ជាមួយ សហរដ្ឋ​អា​ម៉េ​រិ និង កូរ៉េខាងត្បូង។

យោងតាម AFP កាលពី​ថ្ងៃទី ១៥ សីហា ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បានឱ្យដឹងថា លោក​នឹង​ដាក់សំណើ​បញ្ចេញ​កញ្ចប់​ជំនួយ​ទ្រង់ទ្រាយ​ធំ​សម្រាប់ កូរ៉េខាងជើង ដើម្បី​ជា​ថ្នូរ​នឹង​ការលុបបំបាត់​អាវុធ​ប្រល័យ​លោក​នៅ ឧបទ្វីប​កូរ៉េ ជា​កិច្ចព្រមព្រៀង​មួយ​ដែល​កន្លងមក​ត្រូវបាន​វាយតម្លៃថា​ជា​ជំហាន​ដំបូង​សម្រាប់ ទីក្រុង​ព្យុងយ៉ាង។

ដំណឹង​នេះ​បាន​លេចឡើង​បន្ទាប់ពី ទីក្រុង​ព្យុងយ៉ាង បាន​ព្រមាន «លុបបំបាត់» អាជ្ញាធរ​សេ​អ៊ូ​ល ទាក់ទិន​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នាពេលថ្មីៗនេះ និង​មិនទាន់​ដល់​មួយខែ​ក្រោយពី​មេដឹកនាំ គីម ជុង​អុន បានប្រកាសថា បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ដាក់​ព​ង្រី​យ​អាវុធ​ប្រល័យ​លោក នៅពេល​មាន​សង្គ្រាម​ជាមួយ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង។

ដោយ​យល់ឃើញថា ការលុបបំបាត់​អាវុធ​នុយ​ក្លេ​អែរ គឺជា​រឿង​ចាំបាច់​សម្រាប់​សន្តិភាព​យូរអង្វែង​នៅលើ ឧបទ្វីប​កូរ៉េ លោក Yoon Suk-yeol បានបង្ហាញ​សេចក្ដីលម្អិត​នៃ​គម្រោង​ផ្ដល់ជំនួយ​ទ្រង់ទ្រាយ​ធំ រួមមាន​ស្បៀងអាហារ និង​ថាមពល ក៏ដូចជា​ជួយ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុងនោះ​ក៏មាន​កំពង់ផែ ព្រលានយន្តហោះ និង​មន្ទីរពេទ្យ​ផងដែរ នៅ កូរ៉េខាងជើង។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​អះអាងថា លទ្ធភាព​ដែល ទីក្រុង​ព្យុងយ៉ាង ទទួលយក​សំណើ​បែបនេះ​ពី កូរ៉េខាងត្បូង គឺ​ពិត​ជាមាន​តិចតួចស្ដួចស្ដើង​ខ្លាំងណាស់៕

Advertisement