សាធារណរដ្ឋកូរ៉េ ផ្ដល់ «ទិដ្ឋាការ​ហាត់​ការ» ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ សម្រាប់​និស្សិត​បរទេស

កាលពី​ថ្ងៃទី ០៥ សីហា ក្រសួងយុត្តិធម៌​ របស់ សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា និស្សិត​ដែល​មកពី​សាកលវិទ្យាល័យ​ល្បីឈ្មោះ​នៅ​បរទេស នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ហាត់​ការ​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ កូរ៉េខាងត្បូង ទៅតាម​កម្មវិធី​ទិដ្ឋាការ​ថ្មី ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ។

យោងតាម​ការប្រកាសរ​បស់ ក្រសួងយុត្តិធម៌​កូរ៉េខាងត្បូង កម្មវិធី​ផ្ដល់​ទិដ្ឋាការ​ហាត់​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ (D-10-3) សម្រាប់​និស្សិត​មកពី​សាកលវិទ្យាល័យធំៗនៅ​បរទេស នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៨ សីហា​ខាងមុខ។

ទិដ្ឋាការ D-10-3 នឹង​ផ្ដល់ជូន​និស្សិត​ដែល​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅក្នុង​សាកលវិទ្យាល័យ​ចំនួន ២០០ ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​វាយតម្លៃ ជ្រើសរើស​ដោយ​ទស្សនាវដ្ដី Time របស់ សហរដ្ឋ​អាម៉េរិក ឬ​មកពី​សាកលវិទ្យាល័យ​លំដាប់​កំពូល​ទាំង ៥០០ ដែល​ដាក់​ចំណាត់ថ្នាក់​ដោយ QS World University Rankings)។

ក្រៅពី​និស្សិត​ដែលមាន​លក្ខខណ្ឌ​ដូចខាងលើ និស្សិត​ទាំងឡាយ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ពី​បណ្ដា​សាកលវិទ្យាល័យ​លំដាប់កំពូលៗក្នុង​ពិភពលោក នៅក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ក៏​នឹង​ទទួលបាន​វី​សា​ប្រភេទ D-10-3 នេះដែរ។

ពលរដ្ឋ​បរទេស​ទាំង​ឡាយ​​ដែលមាន​ទិដ្ឋាការ​ប្រភេទ​ D-10-3 អាច​ចូល​ហាត់​ការងារ​នៅក្នុង​បណ្ដា​ក្រុមហ៊ុន ឬ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ កូរ៉េខាងត្បូង ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដែល​ទាក់ទង​នឹង​ជំនាញ​មួយចំនួន មាន​ដូចជា បច្ចេកវិទ្យា​បន្ទះ​អេឡិចត្រូនិក (semiconductor), ព័ត៌មានវិទ្យា, គ្រប់គ្រង​បច្ចេកវិទ្យា, បច្ចេកវិទ្យា​ណា​តូ, អេ​ឡិច​ត្រូ​និ​ច​ឌីជីថល និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ជាដើម។

រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏​នឹង​អាច​ពន្យារ​សុពលភាព​នៃ​ការ​ស្នាក់នៅ​សម្រាប់​ពលរដ្ឋ​បរទេស​ដែល​ហាត់​ការ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​ការងារ​បានធ្វើ​នៅ កូរ៉េខាងត្បូង និង​ជួយ​ដល់​ការប្ដូរ​ពី​ទិ​ដ្ឋ​ការ D-10-3 ទៅជា​ទិដ្ឋាការ​ពលកម្ម ឬ​ទិដ្ឋាការ​បើក​ក្រុមហ៊ុន​ផងដែរ។

ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏បាន​កំណត់​ចំនួន​អ្នក​ហាត់​ការ​ដែលជា​ពលរដ្ឋ​បរទេស ក្នុង​អត្រា​មិនឱ្យ​លើសពី ២០% ធៀង​នឹង​បុគ្គលិក​សរុប​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក៕

Advertisement