រក​ឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​ភ្លឺ​បំផុត​ក្នុង​ចក្រវាល

ភព​ LTT9779b គឺជា​ «កញ្ចប់» ធំបំផុត​​ក្នុង​ចក្រវាលនៅ​ក្នុង​ចំណោម​ភព​​ដែល​ក្រុម​តារាវិទូធ្លាប់បាន​​រក​ឃើញ​​ពី​មុន​មក​។

ភព​ក្ដៅ​ខ្លាំង​ដែល​មាន​ឈ្មោះ​ថា LTT9779b មាន​ពពក​ដែល​​កកើត​ពី silicate និងលោហធាតុ​ដូច​ទៅ​នឹងទីតានីញ៉ូម ​​អាច​ចាំង​ផ្លាត​​ពន្លឺ​បាន​យ៉ាង​ល្អ។ LTT9779b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 262 ឆ្នាំ​ពន្លឺ​ (មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង 9.46 ទ្រីលាន​គីឡូម៉ែត្រ) និង​មួយ​ឆ្នាំ​នៅ​លើ​ភព​នេះ​មាន​រយៈ​ពេល​តែ​ 19 ម៉ោង​ប៉ុណ្ណោះ​។

ភពខាងលើ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ 2022 ដោយ​អង្គការ​ណាសា ហើយ​វា​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​សិក្សា​ស្រាវជ្រាវ​ស៊ី​ជម្រៅ​​ដោយ​អង្គការ​អវកាស​អឺរ៉ុប​។ ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អឺរ៉ុប​បាន​បង្ហាញ​ថា LTT9779b អាច​ចាំង​ប្លាត​ពន្លឺ​ពី​ផ្កាយ​មេ​របស់​វា​រហូត​ដល់ 80% ខ្លាំង​ជាង​ភព​សុក្រ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ទៅ​ទៀត​។ បន្ទាប់​ពី​ព្រះ​ចន្ទ ភព​សុក្រ​គឺជា​វត្ថុ​អវកាស​ដែល​ភ្លើង​ជាង​គេ​បង្អស់​នៅ​ពេល​រាត្រី​ ដោយ​សារ​វា​ចាំង​ផ្លាត​ពន្លឺ​ពី​ព្រះ​អាទិត្យ​ប្រហែល 75%​។ ចំណែក​ផែនដី​វិញ អាច​ចាំង​ប្លាត​ពន្លឺ​ពី​ព្រះ​អាទិត្យ​ត្រឹម​តែ​ 30% ប៉ុណ្ណោះ​។

នៅ​ផ្នែក​ម្ខាង​របស់​ LTT9779b ដែល​បែរ​ទៅ​រក​ផ្កាយ​មេ គឺ​អាច​មាន​កម្ដៅ​ដល់ 2,000 អង្សា​សេ​។ កម្ដៅ​ខ្ពស់ជាង 100 អង្សាសេ​គឺ​ពិត​ជា​ក្ដៅ​ខ្លាំង​ មិន​អាច​ឱ្យ​កើត​មាន​ពពក​ទឹក​។ LTT9779b ក្ដៅ​រហូត​ដល់​ថ្នាក់​ គួរ​តែ​មិន​មាន​ពពក​ប្រភេទ​ណា​ទាំង​អស់​ សូម្បី​តែ​ពពក​លោហ​ធាតុ ឬ​ត្បូង។ ក៏​ប៉ុន្តែ​ ភព​នេះ​អាច​កកើត​ពពក​លោហធាតុ​បាន​ ដោយ​សារ​តែ​បរិយាកាស​​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ silicate និងចំហាយ​​លោហធាតុ​។

ដើម​ឡើយ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​គិត​ថា ភព​ LTT9779b គួរ​ណាស់​តែ​មិន​អាច​នៅ​មាន​វត្តមាន​ ព្រោះ​បរិយាកាស​គួរ​តែ​ត្រូវ​បាន​ផ្កាយ​មេ​បំប៉ើង​ចេញ​អស់​ ​សល់​តែ​ថ្ម​ទទេ។ ជំនួស​មក​វិញ ពពក​លោហ​ធាតុ​​ទំនង​ជា​អាច​ជួយ​ការ​ពារ​វត្តមាន​របស់​ LTT9779b។ ពពក​លោហ​ធាតុ​ដែល​ចាំង​ប្លាត​ពន្លឺ​ កំពុង​តែ​ជួយ​ការ​ពារ​ភព​នេះ​មិន​ឱ្យ​ក្ដៅ​ខ្លាំងរហូត​ដល់​ក្លាយ​ជា​ចំហាយ​។ ការ​ផ្ទុក​លោហធាតុ​ច្រើន​ក៏​ជួយ​ឱ្យ LTT9779b និង​បរិយាកាស​របស់​វា​កាន់​តែ​ធ្ងន់​ និង​មិន​ងាយ​ត្រូវ​បាន​​បំប៉ើង​ដោយ​ផ្កាយ​មេ​៕

Advertisement