កូរ៉េខាងជើង ប្រកាសថា បាន​ត្រៀម​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន បានឱ្យដឹងថា ទីក្រុង​ព្យុងយ៉ាង បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រមូល និង​ពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ ដើម្បី​ប្រឈមមុខ​នឹង​ការផ្ទុះ​សង្គ្រាម​ជាមួយ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង។

«ជាថ្មី​ម្ដងទៀត ខ្ញុំ​អះអាងថា កូរ៉េខាងជើង តែងតែ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​កំញើញ​ដោយ​អាវុធ​នុយ​ក្លេ​អែរ ចំពោះ​ការប្រឈមមុខ​ជាមួយ សហរដ្ឋ​អាម៉េរិក» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថ្ងៃនេះ ដកស្រង់​សម្ដី​របស់លោក គីម ជុង​អុន ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប ៦៩ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ។

លោក គីម ជុង​អុន ក៏បាន​ព្រមាន​ដល់ អាជ្ញាធរ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដោយបាន​ឱ្យដឹងថា រាល់​ការប្រឹងប្រែង​ក្នុងការ​វាយប្រហារ​លើ កូរ៉េខាងជើង នឹង​ត្រូវបាន​ឆ្លើយតប​ដោយ «ការ​ប្រល័យ»។ លោក​បន្តថា «អាជ្ញាធរ និង កងទ័ព​កូរ៉េខាងត្បូង ពិតជា​ខុស​ធ្ងន់ បើសិន​ពួកគេ​ជឿថា អាច​បិទ​ដំណើរការ ឬ​កម្ទេច​មួយផ្នែក​នៃ​កងទ័ព​របស់ កូរ៉េខាងជើង ដោយ​វិធានការ​យោធា»។

ការព្រមាន​របស់លោក គីម ជុង​អុន ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល ក្រុមមន្ត្រី​អាម៉េរិក និង កូរ៉េខាងត្បូង ច្រើន​ខែ​មកនេះ យល់ថា កូរ៉េខាងជើង បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី ៧ នៅ​វាល​តេស្ត​នុយ​ក្លេ​អែរ​ក្រោម​ដី Punggye-ri។ នេះ​នឹង​ក្លាយជា​ការសាកល្បង​នុយ​ក្លេ​អែរ​ដំបូង​របស់ ទីក្រុង​ព្យុងយ៉ាង រាប់​ចាប់តាំងពី​ខែកញ្ញា ២០១៧។

«ពិបាក​ក្នុង​ការរកឃើញ​តួលេខ​ច្បាស់លាស់ ប៉ុន្តែ យើង​យល់ថា កូរ៉េខាងជើង ចម្រាញ់​សារធាតុ ប្លា​តូ​នី​ញ៉ូ​ម និង​អ៊ុយ​រ៉ា​ញ៉ូ​ម (plutonium and uranium) បាន​ប្រហែល ១០% បន្ថែមទៀត» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Lee Jong-sup ថ្លែង​នៅក្នុង​សភា​កាលពី​ថ្ងៃទី ២៦ កក្កដា បន្ទាប់ពី​ត្រូវបាន​សួរថា កូរ៉េខាងជើង ផលិត​អាវុធ​នុយ​ក្លេ​អែរ បាន​ប៉ុន្មាន​ហើយ រាប់​ចាប់​ពីក្រោយ​សន្និសីទ​កំពូល​កូរ៉េខាងត្បូង-កូរ៉េខាងជើង កាលពី​ខែមេសា ២០១៨។

លោក Lee ជឿថា កូរ៉េខាងជើង អាច​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ គ្រប់ពេល អាស្រ័យ​លើ​មេដឹកនាំ គីម ជុង​អុន។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង អធិប្បាយ​ថា កម្មវិធី​នុយ​ក្លេ​អែរ របស់ កូរ៉េខាងជើង គឺជា «ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ»៕

Advertisement