កូរ៉េខាងជើង​ កែប្រែ​មូលដ្ឋាន​មីស៊ីល​ទៅ​ជា​កសិដ្ឋានទំនើប​ទ្រង់​ទ្រាយ​ធំ

កសិដ្ឋាន Ryonpho មើលពីទីខ្ពស់ នាថ្ងៃទី ១១ តុលា ២០២២

កូរ៉េខាងជើង​ សម្ពោធ​បើក​ដំណើរ​ការ​កសិដ្ឋាន​ផ្ទះកញ្ចក់​ទ្រង់​ទ្រាយធំ​ ដែល​ត្រូវ​បាន​ស្ថាបនា​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ Ryonpho ដោយ​មាន​មេដឹក​នាំ គីម ជុងអុន​ ជា​អធិបតី​។

មេដឹក​នាំ​របស់ កូរ៉េខាងជើង លោក គីម ជុងអុន នាថ្ងៃនេះ​ បាន​ចូលរួម​សម្ពោធ​បើក​កសិដ្ឋាន​ផ្ទះកញ្ចក់​ Ryonpho ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ Ryonpho នៅ​ក្នុង​ស្រុក Hamju ខេត្ត Hamgyong ខាង​ត្បូង ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ​ ជា​ទីដែល​ធ្លាប់​មាន​ការ​សាកល្បង​មីស៊ីល​ប្លោង​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​លើក​រហូត​ដល់​ដើម​ឆ្នាំ​ ២០២១​។

គម្រោង​កែប្រែ​មូលដ្ឋាន​ទ័ព​ Ryonpho ទៅជា​កសិដ្ឋាន​ និង​ជា​ផ្ទះ​សម្រាប់​កសិករ​ខាងលើ​នេះ ​ត្រូវ​បាន​បក្ស​ពលករ​កូរ៉េ​ខាង​ជើង អនុម័ត​កាល​ពី​ខែ​ធ្នូ ២០២១ ក្នុង​បំណង​ប្រែក្លាយ​វា​ឱ្យ​ទៅ​ជា​កសិដ្ឋាន​គំរូ​សម្រាប់​ការ​អភិវឌ្ឍ​កសិដ្ឋាន​​បែប​ទំនើប និង​ជនបទ​ទាន់​សម័យ​។ ​

កសិដ្ឋាន​ខាងលើ​នេះ​មាន​ផ្ទះកញ្ចក់​ចំនួន ៨៥០ សង់នៅ​លើ​ផ្ទៃដី ២៨០ ហិកតា រួម​នឹង​ផ្ទះ​ស្នាក់​នៅ សាលា​រៀន​ មជ្ឈមណ្ឌល​សេវាកម្ម​ និង​វប្បធម៌​​ប្រហែល ១,០០០ ខ្នង​។

ទីភ្នាក់​ងារ​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បាន​ឱ្យ​ដឹង​ថា មេដឹក​នាំ​ គីម ជុងអុន បាន​ជំរុញ​គម្រោង​នេះ​ដើម្បីធានា​ប្រភព​ផ្គត់ផ្គង់​បន្លែ​ក្នុង​ស្រុក​ និង​បាន​លើក​សរសើរ​ចំពោះ​ក្រុម​ទាហាន និង​កម្មករ​ដែល​ស្ថាបនា​គម្រោង​នេះ​រួច​រាល់​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ លោក គីម ជុងអុន ក៏​បាន​អំពាវ​ពាវ​ឱ្យ​មាន​ការ​សាងសង់​កសិដ្ឋានទំនើប​​ធំៗ​ជា​ច្រើន​ទៀត​​ផងដែរ​។

កូរ៉េខាងជើង ធ្លាប់​បាន​សាងសង់​កសិដ្ឋាន​បែប​នេះ​ក្នុង​ទ្រង់​ទ្រាយ​តូច​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​កាលពី​ចុង​ឆ្នាំ​ ២០១៩ ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ធានាភាព​​ម្ចាស់​ការ​លើ​ប្រភព​ផ្គត់ផ្គង់​ ​គ្រាដែល​ប្រទេស​នេះ​កំពុង​រង​ទណ្ឌកម្ម​អន្តរ​ជាតិ​ ដោយ​សារ​តែ​កម្មវិធី​​អាវុធ​នុយក្លេអែរ និង​មីស៊ីល​ប្លោង​របស់​ខ្លួន​៕

Advertisement