លោក ចូ បៃ​ដិ​ន អស់កម្លាំង ហៀរ​សម្បោរ និង​ក្អក​តាំងតែ​ពី​ព្រលប់​ថ្ងៃ​ពុធ

បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​កូ​វីដ-១៩ សេត​វិមាន បានប្រកាសថា លោក ចូ បៃ​ដិ​ន បាន​ឆ្លង​កូ​វីដ-១៩ ប៉ុន្តែ មាន​អាការរោគ​ស្រាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ សេត​វិមាន។

លេខា​ផ្នែក​សារព័ត៌មាន​ប្រចាំ​សេត​វិមាន បាន​អះអាងថា លោក បៃ​ដិ​ន មាន​សុខ​ភាពល្អ នឹង​បន្ត​បំពេញការងារ​ទៅតាម​តួនាទី​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក។ ក៏ប៉ុន្តែ លោក Kevin O’Connor ដែលជា​វេជ្ជបណ្ឌិត​ផ្ទាល់​របស់លោក បៃ​ដិ​ន បានឱ្យដឹងថា ម្ចាស់​សេត​វិមាន មាន​អាការ​អស់កម្លាំង ហៀរ​សម្បោរ និង​ក្អក​ម្ដង​ម្ដា​ល​តាំងតែ​ពី​ព្រលប់​ថ្ងៃទី ២០ កក្កដា។

លោក បៃ​ដិ​ន វ័យ ៧៩ ឆ្នាំ បានចាប់ផ្ដើម​ប្រើប្រាស់ Paxlovid ដែលជា​ថ្នាំ​ប្រឆាំង​វីរុស​អាចជួយ​កាត់បន្ថយ​ហា​នី​ភ័យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩។ ថ្នាំ​នេះ​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពី​សំណាក់​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ មាន​អាការរោគ​ពី​ស្រាល ដល់​មធ្យម ចំពោះ​មនុស្ស​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើងទៅ​ដែលមាន​ហានិភ័យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កម្រិត​ខ្ពស់។ អ្នកជំងឺ​ត្រូវតែមាន​ការណែនាំ​របស់​វេជ្ជបណ្ឌិត បើសិន​ចង់​ប្រើប្រាស់​ថ្នាំ​នេះ។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម ថ្មីៗនេះ លោក ចូ បៃ​ដិ​ន បាន​បញ្ជាក់ថា «ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង ៤ ដូ​ស​រួចហើយ។ ខ្ញុំ​ពិតជា​មាន​សុខភាព​ល្អ និង​បានសម្រេច​កិច្ចការ​ជាច្រើន។ គ្រប់យ៉ាង​នឹង​ល្អប្រសើរ​ឡើងវិញ​មិន​ខាន»។

Advertisement