ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

សាជីវកម្ម Sinopec ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី 01 ឧសភា 2023។

អណ្ដូងប្រេង Yuejin 3-3 នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​សកម្មភាព​រុករក​ប្រេង​ឧស្ម័ន​មហា​ជ្រៅ ជួយ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការផលិត​ប្រេង​ឆៅ​របស់ខ្លួន។ តាម​ផែនការ សាជីវកម្ម​ចិន Sinopec គ្រោង​នឹង​សម្រេចបាន​ដំណាក់កាល​ខួង​ក្នុង​រយៈពេល 170 ថ្ងៃ។

អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth ដែល​បច្ចុប្បន្ន​ប​ខួងអណ្ដូង​បាន​ចំនួន 120 កន្លែង​ដែលមាន​ជម្រៅ​ជាង 8,000 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ។ នេះ​គឺជា​តំបន់​បាតខ្ទះ​ដែល​ផ្ទុក​រ៉េ​ប្រេង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​ចិន ដោយ​កាន់កាប់​ជាង 60% នៃ​ធនធាន​ប្រេង​ឧស្ម័ន​ក្នុង​ដី​មហា​ជ្រៅ​របស់​ប្រទេស​នេះ។

ថ្វីបើ​ការ​ខួងអណ្ដូង​ប្រេង​ជ្រៅ​ខ្លាំង​គឺជា​រឿង​លំបាក ប៉ុន្តែ​បន្ទាប់ពី​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​បច្ចេក​ទេស​ទំនើប ប្រទេស​ចិន​ក៏អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​មុន។ នេះ​បើតាម Wang Long ដែលជា​អ្នកជំនាញ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ប្រេង​ឧស្ម័ន Sinopec។

អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth

លោក Wang Long ឱ្យដឹងថា «រយៈពេល​នៃ​ការ​ខួង​កាលពី​បី​ឆ្នាំមុន​គឺ 280 ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ថយ​មក​នៅត្រឹម 97 ថ្ងៃ ខណៈដែល​សុក្រឹតភាព​នៅពេល​ខួង​ក៏​កើន​ពី 60% ឡើងដល់​ជាង 90%»៕

Advertisement