បន្ទាប់ពី ចិនដីគោក ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ក្បែរ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង វៀតណាម ស្រែក​តវ៉ាជា​បន្ត​បន្ទាប់

សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​របស់ ចិនដីគោក នៅក្បែរ​ប្រជុំ​មួយ​នៅក្នុង សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន វៀតណាម ស្រែកថា «រំលោភបំពាន​អធិបតេយ្យភាព និង​បង្ក​ភាពស្មុគស្មាញ​នៅ សមុទ្រ​ចិន​ខាងត្បូង»។

«យើង​ប្ដេជ្ញា​ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​រំលោភ​អធិបតេយ្យភាព​ទឹកដី​របស់ វៀតណាម ចំពោះ​ប្រជុំ​កោះ​ពីរ​គឺ Hoang Sa និង Truong Sa» អ្នកនាំពាក្យ​រង​របស់ ក្រសួងការបរទេស​វៀ​ត​ណា​ម លោកស្រី Pham Thu Hang បានប្រកាស​នា​ថ្ងៃនេះ នៅពេល​ត្រូវបាន​សួរ​អំពី​ព័ត៌មាន​ដែលថា ចិនដីគោក ប្រកាស​បើក​សមយុទ្ធ​យោធា​នៅក្បែរ ប្រជុំ​កោះ Paracel នៅ សមុទ្រ​ចិន​ខាងត្បូង។

អ្នកនាំពាក្យ​រង​របស់ ក្រសួងការបរទេស​វៀ​ត​ណា​ម ក៏​បាន​រម្លឹក​អំពី​ការ​តវ៉ា​នា​ពេល​កន្លង​​របស់​ អ្នកនាំពាក្យ​​ក្រសួងការបរទេស​វៀ​ត​ណា​ម ដែល​ប្រឆាំង​ទៅ​នឹង​សមយុទ្ធ​របស់ ចិន​ដីគោក ផងដែរ។

ការតវ៉ា​ថ្មី​បំផុត​របស់ វៀតណាម នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី អាជ្ញាធរខេត្ត Hainan របស់ ប្រទេស​ចិន កាលពី​ថ្ងៃទី ១៥ កក្កដា បានប្រកាស​ហាម​ទូ​កក​ប៉ាល់​ឆ្លងកាត់​តំបន់​សមុទ្រ​ភាគ​ខាងជើង​នៃ ប្រជុំ​កោះ Paracel ចាប់ពី​ថ្ងៃទី ១៦ ដល់ ២០ កក្កដា ដើម្បី​រៀបចំ​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា។

ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly ដែល វៀតណាម ហៅថា Hoang Sa និង Truong Sa ត្រូវបាន​ប្រទេស​នានា​នៅ​ជុំវិញ​តំបន់​សមុទ្រ​ចិន​ខាងត្បូង អះអាងថា​ជា​កម្មសិទ្ធិរៀងៗខ្លួន ធ្វើឱ្យ​តំបន់​សមុទ្រ​នេះ​ក្លាយ​ជាទី​បង្ហាញ​សាច់ដុំ​ដាក់គ្នា​រវាង​មហាអំណាច​ចិន និង សហរដ្ឋ​អាម៉េរិក រួម​នឹង​ការ «ពាក់មុខយក្ស​ដាក់គ្នា» រវាង​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ៕

Advertisement