ចិន​បាញ់​រ៉ុក្កែត «ហៅ​ទឹកភ្លៀង» បាន​ជិត 40 ពាន់​លាន​តោន និង​សង្គ្រោះបាន​ជាង 14 ពាន់​លាន​យុន

សកម្មភាព​បាញ់​រ៉ុក្កែត​ទៅលើ​អាកាស​ដើម្បី​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកប​ដោយ​​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

វេលា​ម៉ោង 22 និង 23 នាទី ថ្ងៃទី 18 មីនា 2023 នៅ​មូលដ្ឋាន​គ្រប់គ្រង​ដំណើរការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត ក្នុងស្រុក Fushun ខេត្ត Sichuan ប្រទេស​ចិន រ៉ុក្កែត​ហៅ​ភ្លៀង​សិប្បនិម្មិត​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ឡើងទៅ​កាន់​អាកាស និង​បាន​ផ្ទុះ បង្កើតជា​សំឡេង​យ៉ាង​កក្រើក​មេឃ ហើយ​ការបាញ់​លើកទីមួយ​នេះ​ក៏បាន​សម្រេច​ជា​ស្ថាពរ។

បួន​នាទី​ក្រោយ​ការបាញ់​រ៉ុក្កែត ទឹកភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លា​ក់នៅ​តំបន់ Fushun។ មកដល់​ម៉ោង 23 និង 48 នាទី រ៉ុក្កែត​ហៅ​ភ្លៀង​ពីរ​គ្រាប់​ទៀត​ក៏ត្រូវ​បាន​បាញ់​ឡើងទៅ​កាន់​អាកាស ធ្វើឱ្យ​ទឹកភ្លៀង​បង្អោរ​ចុះ​មកជា​បន្តបន្ទាប់។

យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្កាយ​នៅ​ខេត្ត Sichuan សកម្មភាព​បាញ់​បង្ហោះ​រ៉ុក្កែត​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

បច្ចេកទេស «ហៅ​ភ្លៀង»

មន្ត្រី​ជំនាញ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​កាត់បន្ថយ​គ្រោះធម្មជាតិ​នៃ​ស្រុក Fushun និយាយថា ដើម្បី​សម្រេចបាន​កិច្ចការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត គេ​ត្រូវបំពេញ​លក្ខខណ្ឌ​ជាច្រើន មានដូចជា ការវិភាគ​និន្នាការ​អាកាសធាតុ ការប្រឹក្សា​យោបល់​រួម ការត្រៀម ការកែតម្រូវ​ឧបករណ៍​ដំណើរការ ការតាមដាន​ដោយផ្ទាល់ និង​ការស្នើ​សូម​ប្រើប្រាស់​ដែនអាកាស​ជាដើម។

សកម្មភាព​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត​មិនមែន​មានន័យថា ចង់​ហៅ​ភ្លៀង​ពេលណា​ក៏បាន។ ដើម្បី​អាចធ្វើឱ្យ​ទឹកភ្លៀង​ធ្លាក់ គេ​ត្រូវបំពេញ​លក្ខខណ្ឌសំខាន់ៗចំនួន​បី៖ កម្រាស់​របស់​ពពក​ដែល​ផ្ទុក​ទឹកភ្លៀង​ត្រូវតែ​ធំ​ជាង 2 គីឡូ​ម៉ែត្រ, ពពក​នោះ​ត្រូវតែមាន​ចំហាយ​ទឹក​គ្រប់គ្រាន់ និង​ត្រូវតែមាន​តំបន់​ភាយ​ចំហាយ​ទឹក។

តំបន់​ដែល​ត្រូវការ​ទឹកភ្លៀង​ត្រូវតែ​ជាទី​ដែល​អនុញ្ញាតឱ្យ​រ៉ុក្កែត​ហោះ​ឡើងដល់​កម្ពស់​ពី 4 ពាន់ ទៅ 8 ពាន់​ម៉ែត្រ ដែល​នេះ​ក៏ត្រូវ​ការ​កិច្ចសហការ​ឱ្យបាន​ម៉ត់ចត់​ជាមួយនឹង​ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស ដើម្បី​ធានា​សុវត្ថិភាព។

ពេលវេលា​ដែល​អាច​ឱ្យគេ​ដំណើរ​ការបាញ់​រ៉ុក្កែត​ហៅ​ភ្លៀង គឺជា​រឿង​ស្មុគស្មាញ​មួយ​ផ្សេងទៀត។ ព្រោះថា គេ​ត្រូវការ​ជ្រើសរើស​ពេលវេលា និង​ការរង់ចាំ មុននឹង​អាច​បាញ់​រ៉ុក្កែត​ហៅ​ភ្លៀង បន្ទាប់ពី​បាន​ត្រៀម​ផែនការ​រួចរាល់។

បច្ចេកទេស​ហៅ​ទឹកភ្លៀង​សិប្បនិម្មិត កាត់បន្ថយ​ការខាតបង់​ប្រាក់​បាន​ជិត 2 ពាន់​ដុល្លារ​អាម៉េរិក

ជាក់ស្ដែង សកម្មភាព​កែសម្រួល​អាកាសធាតុ​បែប​សិប្បនិម្មិត មិន​ត្រឹមតែ​ដើម្បី​បង្កើន​ទឹកភ្លៀង​នោះទេ តែ​នៅ​អាច​​ទប់ស្កាត់​បាតុភូត​ភ្លៀង​ទឹកកក ចុះ​អ័ព្ទ និង​បាតុភូត​ត្រជាក់​ដល់​កក​ផងដែរ។

ក្រោយ​ការអភិវឌ្ឍ​ជាង 60 ឆ្នាំ បច្ចេកទេស​កែប្រែ​អាកាសធាតុ និង​បង្កើន​ទឹកភ្លៀង​របស់​ប្រទេស​ចិន បាន​រីក​ចម្រើន​យ៉ាងខ្លាំង បង្កើតជា​ប្រព័ន្ធ​មួយ​ដែលមាន​បួន​ថ្នាក់ រួមមាន ថ្នាក់ស្រុក ថ្នាក់ក្រុង ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ។

កាលពី​ឆ្នាំ 2022 ស្ទើរតែ​ទាំង​អស់នៃ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន បាន​ឆ្លងកាត់​រលក​កម្ដៅ និង​គ្រោះរាំងស្ងួត​ជាច្រើនលើក ចាប់ពី​ខែមិថុនា ដល់​ពាក់កណ្ដាល​ខែវិច្ឆិកា នាំឱ្យ​អាជ្ញាធរ​តំបន់​ជាច្រើន​ត្រូវ​ប្រើប្រាស់​បច្ចេក​ទេស​ហៅ​ទឹកភ្លៀង។ ក្នុងអំឡុង​ពេលនោះ ពួកគេ​បានធ្វើ​ការហៅ​ទឹកភ្លៀង​សរុប​ជាង 15,000 លើក ក្នុងនោះ ការប្រើប្រាស់​យន្តហោះ​មាន​ចំនួន 241 លើក និង​ការបាញ់​រ៉ុក្កែត​ចំនួន 15,000 លើក ហើយ​ទាញយក​ទឹកភ្លៀង​បាន​ប្រហែល 8.56 ពាន់​លាន​តោន។

យោងតាម​ស្ថាប័ន​ឧតុនិយម​ចិន ពេញ​មួយឆ្នាំ 2022 ប្រទេស​ចិន​បង្កើត​ទឹកភ្លៀង​បាន​ប្រហែល 39.8 ពាន់​លាន​តោន ជួយ​ការពារ​ផ្ទៃដី​បាន​ប្រហែល 650,000 គីឡូម៉ែត្រ​ការ៉េ និង​កាត់បន្ថយ​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​បាន​ប្រហែល 14.1 ពាន់​លាន​យុន (ប្រហែល 1,972,900,000 ដុល្លារ​អាម៉េរិក)៕

Advertisement