គម្រោង​ហោះ​ទៅកាន់​ពិភព​ព្រះ​អង្គារ ៖ ក្រុមហ៊ុន​អាម៉េរិក ២ ស្ថាប័ន អាច​ហោះ​ទៅកាន់​ឋាន​ព្រះ​អង្គារ​មុន SpaceX

រ៉ុក្កែត​របស់​ក្រុម​ហ៊ុន​ Relativity Space នឹង​នាំយក​ស្ថានីយ​ចុះចត​របស់ Impulse Space ឡើងទៅ​កាន់​ពិភព​ក្រហម​នៅ​ឆ្នាំ ២០២៤ បើសិនជា​គ្រប់យ៉ាង​ដំណើរការ​រលូន។

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ចំនួន ២ របស់ សហរដ្ឋ​អាម៉េរិក នៅ California គឺ​ក្រុមហ៊ុន Relativity Space និង​ក្រុមហ៊ុន Impulse Space កាលពី​ថ្ងៃទី ១៩ កក្កដា បានប្រកាសថា កំពុង​សហការគ្នា​ដើម្បី​បំពេញបេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​ទៅកាន់​ផ្កាយ​ព្រះ​អង្គារ​នៅ​ឆ្នាំ ២០២៤ លឿន​ជាង​ច្រើន​ឆ្នាំ​ធៀង​នឹង​គម្រោង​ហោះហើរ​ដំបូង​របស់ SpaceX។

Newsweek បានឱ្យដឹងថា Relativity Space នឹង​ប្រើប្រាស់ Terran R ដែលជា​រ៉ុក្កែត​បោះ​ពុ​ម្ភ 3D អាច​ប្រើ​បាន​ច្រើនដង ខណៈដែល Impulse Space ទទួលបន្ទុក​អភិវឌ្ឍ​យានអវកាស​ដើម្បី​ហោះ​ទៅកាន់​ពិភព​ព្រះ​អង្គារ និង​ស្ថានីយ​ចុះចត សម្រាប់​ដំឡើង​ឧបករណ៍​នានា​នៅ​លើដី​របស់​ពិភព​នេះ។

ដោយឡែក ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk វិញ មាន​គម្រោង​ហោះហើរ​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​របស់ខ្លួន​ទៅកាន់​ពិភព​អង្គារ​នៅ​ចុង​ទសវត្សរ៍​នេះ នេះ​បើតាម​អ្នកស្រី Gwynne Shotwell ដែលជា​ប្រធាន និង​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន។

SpaceX មិនទាន់​ប្រកាស​អំពី​ពេលវេលា​ជាក់លាក់​ក្នុងការ​ហោះហើរ​ទៅកាន់​ភព​ព្រះ​អង្គារ ប៉ុន្តែ បើសិន Relativity Space និង Impulse Space អាចអនុវត្ត​គម្រោង​បាន​ដោយ​ជោគជ័យ នោះ​ពួកគេ​នឹង​ក្លាយជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដំបូង​ដែល​បាន​ហោះ​ទៅកាន់​ពិភព​ក្រហម​នេះ៕

Relativity Space នឹងប្រើប្រាស់ Terran R ដែលជារ៉ុក្កែតបោះពុម្ភ 3D អាចប្រើបានច្រើនដង ក្នុង​បេសក​កម្ម​ហោះ​ទៅ​កាន់​ពិភព​អង្គារ

Advertisement