អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន លោក​ Shinzo ​Abe ​ទទួល​មរណភាព​ហើយ!

ទូរទស្សន៍​ជប៉ុន NHK បាន​​​ផ្សាយ​ថា អតីតនាយករដ្ឋមន្ត្រី​ Shinzo Abe ទទួល​មរណភាព​ហើយ នៅ​វេលាម៉ោង​ ១៧ និង ០៣ នាទី ថ្ងៃទី ៨ កក្កដា (ម៉ោង​ក្នុង​ស្រុក) បន្ទាប់​ពី​ការ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ នេះ​បើ​តាម​មន្ត្រី​នៅ​មន្ទីរពេទ្យ​។

«ក្រុម​មន្ត្រី​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់​អំណាច​នៅ​ ជប៉ុន ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា អតីតនាយករដ្ឋមន្ត្រី​ Shinzo Abe បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៦៧ ឆ្នាំ នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Kashihara ខេត្ត Nara ជាទីដែល​លោក​កំពុង​ទទួលការ​ព្យាបាល​» ក្រោយ​ពី​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ នេះ​បើ​តាម​ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​នា​ថ្ងៃ​នេះ​។

នេះ​គឺជា​ករណី​ធ្វើឃាត​​ដំបូង​លើ​​អតីតនាយករដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​របស់ ជប៉ុន រាប់ចាប់​ពី​សម័យ​យោធានិយម​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៣០​។

អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​បាញ់​ប្រហារ​​ដោយ​ប្រើប្រាស់កាំភ្លើង​កែច្នៃ​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​នេះ​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​។

យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​នេះ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara។

Advertisement